ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌»។
ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ អ្នកសិក្សាជាគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀននៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍមកពីអនុវិស័យបឋមសិក្សា និងមធ្យមសិក្សា ចូលរួមផ្ទាល់ចំនួន ២០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៥០០នាក់។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង៖ ១) លើកកម្ពស់ឧត្តមានុវត្តន៍ តាមរយៈការចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ២) ផ្សារភ្ជាប់ ការស្រាវជ្រាវទៅនឹងការអនុវត្ត ដោយមានការធ្វើបទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះ ជាក់ស្តែង ៣) ការអប់រំឌីជីថល រួមមានបង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថល ទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សាសិស្ស, ៤) គំនិតផ្តួចផ្តើមសហការរួមគ្នា តាមរយៈការផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំគោលនយោបាយ ទស្សនៈវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន និង ៥) ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន តាមរយៈការ ស្វែងរកយុទ្ធសាស្ត្រកែលម្អ គុណវុឌ្ឍិគ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធ ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន។
បន្ទាប់ពីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តគម្រោងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៥ ឆ្នាំ២០២៥ និងចំណាប់អារម្មណ៍របស់តំណាងដៃគូអភិវឌ្ឍ GPE និង តំណាង UNESCO រួចមក លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍ ក្រុមការងារក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញឱ្យកំណែទម្រង់វិស័យអប់រំសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ។
ជាមួយនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ពីសារៈសំខាន់នៃសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ដែលបានលើកយក ប្រធានបទ «គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌» ដ៏មានអត្ថន័យជ្រាលជ្រៅ បង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។
បច្ចុប្បន្នវិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនដោយមើលឃើញថា នវានុវត្តន៍ និងការធ្វើសមាហរណកម្មពិតជាផ្តល់នូវភាពងាយស្រួលដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ ក៏ដូចជាការងាររដ្ឋបាលសិក្សា និងរង្វាយតម្លៃការសិក្សាជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ការអភិវឌ្ឍគ្រូបង្រៀនត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ដើម្បី៖ ១) ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន ២) ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ៣) ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង ៤) ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រដល់កំណែទម្រង់គ្រូបង្រៀន ជាពិសេសបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដោយសូមលើកទឹកចិត្តឱ្យមានការចែករំលែកជាអតិបរមាពីវាគ្មិនជំនាញ តាមរយៈកិច្ចពិភាក្សា និងបទបង្ហាញ ដែលពោរពេញទៅដោយទស្សនាទានល្អៗសម្រាប់យកទៅអនុវត្តដាក់ចេញជាសកម្មភាពជាក់ស្ដែងនៅក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងសង្ឃឹមថា សន្និសីទនេះជាប្រភពនៃគំនិតថ្មីៗ កិច្ចសហប្រតិបត្តិការថ្មីៗ និងជំរុញទឹកចិត្តអ្នកគ្រូបង្រៀនទាំងអស់ឱ្យបន្តបេសកកម្មផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ក្នុងបុព្វហេតុកសាងធនធានមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ៕












