សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រោយទទួលបាននូវសារលិខិតជូនពររបស់សម្តេចតេជោ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជូនពរសម្តេចនាឱកាសនៃពិធីចម្រើនជន្មាយុដែលឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា៖
នាងខ្ញុំពិតជាមានបីតិសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ សម្តេច អគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការ ពរជ័យដល់រូបនាងខ្ញុំ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ នាងខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ សន្តានចិត្តដ៏ប្រពៃ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដែលតែងតែលើកទឹកចិត្ត និងគាំទ្រ ដល់ភាពជាអ្នកដឹកនាំរបស់នាងខ្ញុំ។ ពាក្យពេចន៍ជូនពរដ៏ល្អប្រពៃរបស់ សម្តេចតេជោ គឺពិតជាការផ្តល់នូវមហា កិត្តិយស និងការលើកកម្ពស់គុណតម្លៃស្ត្រី និងតួនាទីស្ត្រីក្នុងសង្គមជាតិ ដែលជំរុញលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ក៏ដូចជារូបនាងខ្ញុំផ្ទាល់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រដឹកនាំស្ថាប័នរដ្ឋសភាឱ្យសម្រេច បាននូវការលើកកម្ពស់នីតិរដ្ឋ ការពង្រឹងតួនាទីសភា និងការទូតសភា ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ វិបុលភាព និងភាពសម្បូររុងរឿងជូនសង្គមជាតិ ប្រកបដោយកិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងអន្តរជាតិ ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ។
ជាថ្មីម្តងទៀត នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ៕



