សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតជូនពររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងដូចនេះថា៖
នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលប្រពៃថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាម រូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពល រឹងមាំ សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ ចាកផុតពីរោគាព្យាធិនានាតរៀងទៅ។
យើងខ្ញុំទាំងអស់គ្នាក៏សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏មោះមុតនិង សកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជានិច្ចកាលតែងបានខិតខំអស់ពីកម្លាំង កាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ មនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័ននីតិប្បញ្ញត្តិ សំដៅចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដ៏បវរនៃយើង ឱ្យរឹតតែមានភាពរីកចម្រើនរុងរឿងខ្លាំងក្លាឡើង សម្រាប់ជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិនិង ប្រជាជន ព្រមទាំងចូលរួមលើកកម្ពស់កិត្តិនាមជាតិកម្ពុជានៅលើឆាកអន្តរជាតិ។
យើងខ្ញុំទាំងអស់គ្នាក៏សូមសម្តែង នូវការដឹងគុណចំពោះគុណូបការៈនៃការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ចូលរួមស្វែងរកដំណោះស្រាយ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស សម្តេចមហារដ្ឋសភាធិការធិបតី បានស្វះស្វែងរកការគាំទ្រពីសហគមន៍ អន្តរជាតិ និងបានបញ្ជាក់យ៉ាងច្បាស់អំពីជំហរ និងឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។
ឆ្លៀតក្នុងឱកាសសិរីមង្គលដ៏ភិរម្យថ្លៃថ្លានៃពិធីចម្រើនជន្មាយុ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ អភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា៕



