រដ្ឋធានីប៉េកាំង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លូ វិន រដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បានជួបពិភាក្សា ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ដោយអនុវត្តអនុស្សរណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។
កិច្ចពិភាក្សាបានផ្តោតលើអាទិភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមាត្រាសាស្ត្រ ការត្រួតពិនិត្យសុវត្ថិភាពអាហារ ស្តង់ដារនីយកម្ម និងការវាយតម្លៃភាពអនុលោម តាមរយៈការធ្វើទំនើបកម្មឧបករណ៍មាត្រាសាស្រ្ត, ពង្រឹងសមត្ថភាពព្យាសកម្ម និងធ្វើតេស្តពិសោធន៍, លើកកម្ពស់ប្រព័ន្ធតាមដានប្រភពផលិតផល, និងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសរបស់កម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្ដម ហែម វណ្ណឌី និងគណ:ប្រតិភូក៏បានជួបពិភាក្សាទ្វេភាគីជាមួយវិទ្យាស្ថានជាតិមាត្រាសាស្ត្រចិន ព្រមទាំងបានទស្សនកិច្ចមន្ទីរពិសោធន៍ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀត។
ក្នុងអំឡុងពេលនៃទស្សនកិច្ច វិទ្យាស្ថានជាតិមាត្រាសាស្ត្រចិន ក៏បានផ្តល់ឧបករណ៍មាត្រាសាស្ត្រចំនួនបីគ្រឿង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់មជ្ឈមណ្ឌលមាត្រសាស្ត្រជាតិកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះនឹងគាំទ្រដល់ការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលវាយតម្លៃភាពអនុលោម និងបង្កើនទំនុកចិត្ត និងការទទួលស្គាល់ជាអន្តរជាតិនូវទិន្នន័យ និងវិញ្ញាបនបត្ររង្វាស់រង្វាល់របស់កម្ពុជា។ គោលដៅគឺកាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម លើកកម្ពស់សុវត្ថិភាពផលិតផល ការពារអ្នកប្រើប្រាស់ បង្កើនភាពប្រកួតប្រជែង និងគាំទ្រការត្រៀមលក្ខណៈនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យម និងឧស្សាហកម្មកម្ពុជា។






