នាវាទេសចរណ៍ Westerdam នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត២០០០នាក់ ស្មើនឹង៤៣សញ្ជាតិ ចូលចតធ្វើទស្សនកិច្ចកម្ពុជា


នាវាទេសចរណ៍បរទេស Westerdam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត២០០០នាក់ បានចូលសុំចត ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាលើកទី៣ សម្រាប់រដូវប្រាំងឈានចូលឆ្នាំ២០២៦ខាងមុខ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ Westerdam សញ្ជាតិ Holland មានបណ្តោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ និងមានជំរៅទឹក ៨.១ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៨៥០នាក់ ស្រី ៩៩២នាក់ ស្មើនឹង៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន៨០៤នាក់ ស្រី១៥៦នាក់ ស្មើនឹង៣៩សញ្ជាតិ។ នាវាទេសចរណ៍ Westerdam បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៦ និង ២០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Westerdam ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA Australia និង Canada ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរបានធ្វើដំណើមកពីខេត្តសៀមរាប ចេញតាមនាវាទេសចរណ៍ Westerdam មានចំនួន ៤៦នាក់ ស្រី ២៨នាក់ ស្មើនឹង ៣សញ្ជាតិ។

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានធ្វើដំណើរទស្សនានៅតំបន់មួយចំនួនក្នុងខេត្តព្រះ សីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សលាបឋមសិក្សា និងអនុ វិទ្យាល័យ បិតត្រាំង សង្កាត់រាម ក្រុងកំពង់សោម។

សូមរម្លឹកថា នាវាទេសចរណ៍ Westerdam ដែលបាននាំភ្ញៀវទេសចរធ្វើដំណើរក្នុងតំបន់អាស៊ាន ជាពិសេសកាលពីសម័យជំងឺរាតត្បាតកូវីដស៍-១៩ ដែលប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យនាវានេះចូលចត ដោយសារមូលហេតុក្លាយមានការឆ្លងនូវជំងឺកូវីដ ក៏ប៉ុន្តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសកាចូលសុំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ហើយសម្តេចតេជោក៏បានមកទទួលភ្ញៀវទេសចរ និងជូនផ្កាកូឡាបដល់ភ្ញៀវទេសចរផងដែរ ក្នុងទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ព្រមទាំងជួយសម្របសម្រួលឱ្យភ្ញៀវទេសចរបានធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនប្រកបដោយសុវត្ថិភាព ហើយរាល់សកម្មភាពទាំងអស់នេះ សបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែមានបេះដូងធំទូលាយដោយប្រកាន់ភ្ជាប់នូវបញ្ហាមនុស្សធម៌ជាធំ បើទោះ បីប្រទេសជាច្រើនមិនអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅតាមប្រទេសរបស់ខ្លួនយ៉ាងណាក៏ដោយ៕