រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ ជួបប្រជុំពិភាក្សា ត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន» លើកទី២០ ឆ្នាំ២០២៦


ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម (ភូមិហ្រ្វង់កូហ្វូន), លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និង ជាប្រធានអនុគណៈកម្មការទី៥ (រៀបចំព្រឹត្តិការណ៍អម), លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី, បានជួបប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ជំនួបពិភាក្សា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រៀបចំឡើង ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដំណើរការប្រកបដោយភាពជោគជ័យតាមការគ្រោងទុក និង ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ,
បានជួបប្រជុំពិភាក្សាការងារអំពី ការកំណត់ទីតាំង, ផែនការ, ការត្រៀមរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូន។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។

នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពី ប្រទេសសមាជិកជាង ៩០ ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ៕