សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូន ប្រធានរដ្ឋសភាវៀតណាម ថ្លែងអំណរគុណ ចំពោះការផ្ញើលិខិតអបអរសាទរដល់ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា


សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូន លោក TRAN THANH MAN ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ញើលិខិតជូនសម្តេច ដើម្បីចូលរួមអបអរសាទរដល់ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងស្រុងដូច្នេះថា៖

ឯកឧត្តម ជាទីគោរពរាប់អាន!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលិខិតអបអរសាទររបស់ ឯកឧត្តម ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជា និងវៀតណាម មានទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិត ដែលជាលទ្ធផលនៃការប្តេជ្ញាចិត្ត មិនងាករេរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិ ការឈ្នះ-ឈ្នះរបស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ប្រទេសយើងទាំងពីរនឹងរីកចម្រើនជាមួយគ្នាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

ខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ឯកឧត្តម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងបន្ថែមទៀតទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលនេះរួមចំណែកដល់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏ល្អ ប្រសើរដែលមានស្រាប់ក្រោមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងបន្តជោគជ័យគ្រប់ភារកិច្ច ក៏ដូចជា សុខសុភមង្គល និងវិបុលភាពដល់ប្រជាជនវៀតណាម»៕