ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សហគ្រិនភាព ជាចំណុចស្នូលដើម្បីកសាងពិភពលោកមួយ ដែលមាននិរន្តរភាព បរិយាបន្ន និងសមធម៌


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា សហគ្រិនភាព គឺជាចំណុចស្នូល ដើម្បីកសាងពិភពលោកមួយ ដែលមាននិរន្តរភាព បរិយាបន្ន និងសមធម៌ ជាពិសេសខណៈអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួន នៅក្នុងសេដ្ឋកិច្ចពិភពលោក។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី​បើកវេទិកាសហគ្រិនកំពូល (Pinnacle Entrepreneur Forum – PEF) ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពិភពលោករីកចម្រើននៅពេលយើងសហការគ្នា៖ ជំរុញធុរកិច្ច, ឌីជីថល, និងនវានុវត្តន៍នៅក្នុងអាស៊ាន» និងកម្មវីធីប្រគល់ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ឆ្នាំ២០២៥ ដែលបានរៀបឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

វេទិកាសហគ្រិនកំពូលនេះ គឺជាវេទិកាធុរកិច្ចថ្នាក់តំបន់មួយ ដែលបានចាប់ផ្តើមដំណើរការលើកដំបូងកាលពីឆ្នាំ២០២៤កន្លងទៅ នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅជាវេទិកាដ៏មានឥទ្ធិពល និងឈានមុខគេមួយនៅក្នុងអាស៊ាន សម្រាប់ថ្នាក់ដឹកនាំធុរកិច្ចដែលមានទស្សនៈវិស័យវែងឆ្ងាយ អ្នកបង្កើតនវានុវត្តន៍ និងសហគ្រិនអាចជួបជុំគ្នាដើម្បីកំណត់ទិសដៅធុរកិច្ចសម្រាប់អនាគត។ ក្រៅពីការជំរុញកិច្ចសន្ទនាកម្រិតខ្ពស់ PEF បានប្តេជ្ញាជំរុញលទ្ធផលជាក់ស្តែង តាមរយៈការបង្កើតភាពជាដៃគូឆ្លងព្រំដែន ការបើកឱកាសវិនិយោគ និងការតស៊ូមតិលើគោលនយោបាយនានា ដែលផ្តល់គុណប្រយោជន៍ដល់សហគ្រិន ដោយមិនត្រឹមតែភ្ជាប់បណ្តាញក្នុងសមាគមអាស៊ានប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទៅកាន់ទីផ្សារសកលថែមទៀតផង។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា សហគ្រិនជាស្ត្រី ត្រៀមខ្លួនជាពិសេសរួចជាស្រេចដើម្បីបង្កើតដំណោះស្រាយដ៏មានប្រសិទ្ធភាពនៅទូទាំងតំបន់ ដោយលោកក៏បានអំពាវនាវឱ្យវេទិកាសហគ្រិនភាពរបស់អាស៊ាន រួមទាំងវេទិកា Pinnacle Entrepreneurs Forum គួរតែត្រូវបានពង្រីកទៅដល់កម្រិតពិភពលោកតាមរយៈធនធានមនុស្សរឹងមាំ ការផ្លាស់ប្តូរចំណេះដឹងឆ្លងដែន និងបណ្តាញតំបន់កាន់តែស៊ីជម្រៅ។

ទោះបីជាមានវឌ្ឍនភាពរឹងមាំក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ថា សហគ្រិននៅទូទាំងអាស៊ាននៅតែបន្តប្រឈមមុខនឹងឧបសគ្គជានៅឡើយ រួមមានការទទួលបានមូលនិធិមានកម្រិត ទទួលបានការបណ្ដុះបណ្ដាល មិនទាន់គ្រប់គ្រាន់ និងបញ្ហាបណ្ដាញក្នុងតំបន់ ហើយការដោះស្រាយគម្លាតទាំងនេះ គឺមានសារៈសំខាន់សម្រាប់ការប្រកួតប្រជែងរយៈពេលវែង។

ដោយបញ្ជាក់ជាថ្មីអំពីកំណើនរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់អាស៊ាន ដែលជំរុញដោយផលិតកម្ម កសិកម្ម និងទេសចរណ៍ ហើយនៅតែជាគោលដៅឱកាសខ្ពស់សម្រាប់វិនិយោគិនក្នុងតំបន់ និងពិភពលោក។ គិតត្រឹមថ្ងៃនេះ​ក្រុបប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) បានអនុម័តគម្រោងវិនិយោគមានគុណភាពជាង ៦០០ ដែលនេះជាសញ្ញានៃទំនុកចិត្ត របស់វិនិយោគិនរឹងមាំ និងធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋាននៃជំហានយុទ្ធសាស្ត្រសម្រាប់ការពង្រីកអាជីវកម្មអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរ​ពីបរិយាកាសអាជីវកម្មលំដាប់ពិភពលោករបស់កម្ពុជា រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកាន់តែទាក់ទាញដល់ស្ថាបនិកក្នុងស្រុក និងបរទេស ដោយចង់សម្ដៅលើហិរញ្ញវត្ថុឌីជីថល និងថាមពលកកើតឡើងវិញ ដោយក៏បានលើកឡើងអំពីសេដ្ឋកិច្ចឌីជីថលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជាថា ជាមូលដ្ឋានគ្រឹះសម្រាប់ការនុវានុវត្តន៍ ការវិនិយោគ និងឧស្សាហកម្មដែលត្រៀមរួចជាស្រេចសម្រាប់អនាគត។

លោកក៏បានទទួលស្គាល់ថា បណ្តាញសហគ្រិនស្ត្រី​អាស៊ាន (AWEN) បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការពង្រឹង​សហគ្រិនភាពរបស់ស្ត្រី ដោយផ្តល់នូវវេទិកាមួយដែលស្ត្រីអាចភ្ជាប់ទំនាក់ទំនង សហការ និងទទួលបានឱកាសនៅទូទាំងតំបន់។ តែទោះបីជាមានសន្ទុះក៏ដោយ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធអាស៊ានឱ្យ​ប្រឹងប្រែងបន្ថែមទៀត ដោយសង្កត់ធ្ងន់ថា ស្ត្រីត្រូវតែទទួលបានការគាំទ្រជាសម្ភារៈ និងធនធានដើម្បីប្រកួតប្រជែងជាសកល

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសកម្មភាព​អាទិភាពសម្រាប់ជំរុញសហគ្រិនភាពរបស់ស្ត្រីដូចជា៖ ពង្រីកការផ្សាភ្ជាប់ឆ្លងដែនតាមរយៈវេទិកាដូចជា PEF ដើម្បីបង្កើនការចូលទៅកាន់ទីផ្សារ និងពង្រឹងបណ្តាញអន្តរជាតិ។ គាំទ្រស្ត្រីក្នុងទ្រង់ទ្រាយធំដោយពង្រីកការទទួលបានមូលនិធិ ការបណ្ដុះបណ្ដាល និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្ម។ លើកកម្ពស់នវានុវត្តន៍ និងបច្ចេកវិទ្យាប្រកបដោយបរិយាបន្ន ដោយចាត់ទុកថាបច្ចេកវិទ្យាគឺជា «សមភាពដ៏អស្ចារ្យ»។ លើកកម្ពស់សហគ្រាសប្រកបដោយចីរភាព និងប្រសិទ្ធភាព ដោយទាញយកអត្ថប្រយោជន៍ពីសក្តានុពលរបស់អាស៊ានក្នុងថាមពលស្អាត កសិកម្មដែលមានទំនួលខុសត្រូវ និងគំរូអាជីវកម្មដែលមានឥទ្ធិពលលើសង្គម៕