ឯកឧត្តម ប៉ែន បូណា៖ គន្លឹះដែលនាំឱ្យយើងពូកែ និងលេចធ្លោ គឺការតាំងចិត្តខិតខំប្រឹងប្រែងដោយខ្លួនឯង


(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសរំលេចថា វិស័យ​អប់​រំ​របស់កម្ពុជា ​បានស្គាល់​វឌ្ឍន​ភាព​យ៉ាងខ្លាំងរយៈពេលជិត៣ទសវត្សរ៍ចុង​ក្រោយ​នេះ​ក្រោយពីប្រទេស​មាន​សន្តិភាពពេញលេញតាមរយៈនយោ​បាយ​ឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិតទាំងបរិមាណទាំងគុណភាព។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ កូនចៅប្រជា​ពល​រដ្ឋ មាន​សំណាង​បានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុង​ម៉ាស៊ីន​ត្រជាក់។

ឯកឧត្តម ប៉ែន បូណា បានគូសរំលេចបែបនេះ ក្នុងកម្មវិធីបាឋកថា នៅសា​កលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរាជធានី​ភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកល​វិទ្យា​ធិការ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិតជាង ២០០នាក់។

ក្នុងបឋកថានោះ ឯកឧត្តម ប៉ែន បូណា ក៏បានចែករម្លែកពីគន្លឹះ ឬអាថ៌​កំបាំង​ដែលជួយឱ្យយុវជនក្លាយខ្លួនជាមនុស្សពូកែ​លេចធ្លោក្នុងសង្គម​យ៉ាង​ដូច្នេះថា ប៉ុន្តែត្រូវចងចាំទុកនូវអាថ៌កំបាំង​មួយក្នុង​ការ​សិក្សាដើម្បី​ធ្វើឱ្យ​ខ្លួនយើងពូកែ លេចធ្លោ នោះគឺការតាំងចិត្ត និងកិច្ច​ខិត​ខំប្រឹងប្រែង​ផ្ទាល់ខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា «សូមក្មួយៗចងចាំថា ទោះជា​ក្មួយ​ទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយ មានសាស្ត្រា​ចារ្យពូកែ​យ៉ាង​ណាក៏ដោយ តែបើក្មួយគ្មានការតាំងចិត្ត និងខិតខំប្រឹងប្រែង​ដោយ​ខ្លួន​ឯង​ទេ ក្មួយមិនអាចក្លាយជាមនុស្សពូកែដូចកេរ្តិ៍ឈ្មោះ​របស់សាលា​បាន​ឡើយ។ ផ្ទុយទៅវិញ ទោះបីជាក្មួយរៀននៅលាសាមិនសូវល្បី តែបើក្មួយ​មានការតាំងចិត្តខិតខំដោយមានគោលដៅច្បាស់លាស់ក្មួយក៏អាចក្លាយជាមនុស្សពូកែលេចធ្លោបានដែរ»

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករម្លែកបទពិសោធន៍​ផ្ទាល់ខ្លួនដែល​បានឆ្លងកាត់សម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍​ដែលមិនបានរៀនសូត្រពីក្មេងដូចកុមារក្នុងសម័យបច្ចុប្បន្នទេ។ បើតាម​ឯកឧត្តម ប៉ែន បូណា ទោះជាការរៀនសូត្រយឺតពេល និងរៀនក្នុងស្ថានភាព​ដ៏លំបាក ខ្វះសព្វ ខ្វះគ្រប់ ប៉ុន្តែការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែង​យ៉ាង​មោះ​មុត គឺជាគន្លឹះដែលមិនអាចមើលរំលងបាន ដើម្បីអាចឈរជើងក្នុង​សង្គមបានដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា បាឋកថានេះមានគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១៖ ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា, ទី២៖ លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ, ទី៣៖ យល់ដឹង​ពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការ​សម្រេច​ចិត្ត និងទី៤៖ លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕