ចំនួនជនស៊ីវិលស្លាប់ពីការវាយប្រហារដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ កើន ១២នាក់, រងរបួស ៧៤នាក់ និងមានជនភៀសសឹកកើនជាង ៤០ម៉ឺននាក់


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ពីការ វាយ ប្រហារ ដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ បានកើន ដល់១២នាក់, រងរបួស ៧៤នាក់ និងមានជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់។

គួរឱ្យដឹងថា យោធាថៃ បានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនរួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកចង្កោមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៩ថ្ងៃមកនេះ យោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។

ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤គ្រួសារ ស្មើនឹង ៤០៣ ៦០១នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦នាក់ និងកុមារចំនួន ៩៧ ២០៩នាក់។

ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ៕