សម្តេច ម៉ែន សំអន ថ្លែងអំណរគុណលោក Tommy Kim និងក្រុមការងារចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតឲ្យលោក Tommy Kim ប្រធានស្ថាប័នប្រដាល់ពិភពលោក IPCC គុនខ្មែរ ប្រចាំប្រទេសកម្ពុជា ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា​ និងភរិយា ដឹកនាំប្រតិភូកីឡាករគុនខ្មែរ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះ លោក Tommy Kim ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យមានភាពលេចធ្លោរទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ក្រៅពីការងារជំនាញ លោក និងក្រុមការងារ ក៏បានឆ្លៀតពេលវេលាជួយដល់ការងារមនុស្សធម៌ផងដែរ ។
ដោយឡែកថ្ងៃនេះ លោកក៏មានបំណងចង់ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក ទើបចួលរួមចំណែកជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នូវសម្ភារៈមួយចំនួនដូចជា ទឹកអង្ករ ៣តោន ទឹកសុទ្ធ ១០០កេស មី ១០០កេស បាយក្តាំង ១០០កញ្ចប់ និងសាប៊ូ ១ចំនួន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្មារតីរួមសាមគ្គី «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងប្រទេស និងក្រៅប្រទេសរួមគ្នា ជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។ សម្ភារទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើនដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោក Tommy Kim និងក្រុមការងារ ចំពោះទឹកចិត្តសប្បុរសដ៏ប្រពៃនាពេលនេះ និងជូនពរលោក និងភរិយា ព្រមទាំងក្រុមការងារទទួលបានសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕