ឯកឧត្តម អ៊ុច បូររិទ្ធ ចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន៥ ក្នុងរាជធានីភ្នំពេញ


នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ព្រមទាំងសមាជិកព្រឺទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរយុទ្ធជន ដែលបាននិងកំពុងសម្រាកព្យាបាលរបួសនៅតាមមន្ទីរពេទ្យជាតិ ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងពរសព្វសាធុការ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់បងប្អូនវីរយុទ្ធជនរបស់យើងទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យទាំង៥ខាងលើ សូមឱ្យបានឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពអង់អាចក្លាហានមោះមុតដ៏គួរឱ្យកោតស្ងប់ស្ងែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងបានប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន បានជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ។

ឯកឧត្តមអនុប្រធានទី១ បានពាំនាំនូវអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ជូនដល់វីរយុទ្ធជន និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង ៥ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពបង្ហាញពីទឹកចិត្តគោរព ស្រឡាញ់រាប់អានជាភាតរៈ សាមគ្គីភាព រួមសុខ រួមទុក្ខ ឯកភាពជាតិជាធ្លុងមួយ ជុំវិញសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល និងបញ្ញាញាណរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា៕