អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ត្រូវបានប្រគល់ជូនដល់វីរកងទ័ពសម្រាកព្យាបាលនៅមន្ទីរពទ្យបង្អែកជើងព្រៃ និងប្រជាជនភៀសសឹក ជិត២០០គ្រួសារ


អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ រួមទាំងស្ដ្រីទើបសម្រាលកូនរួច និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ចំនួន ១៩២គ្រួសារ ដែលមកពីបណ្ដាលខេត្ដជាប់ព្រំដែនកម្ពុជា-ថៃ កំពុងមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម តាមរយៈឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

ពិធីនេះសំណេះសំណាល និងផ្ដល់អំណោយសម្រាលការលំបាកជាស្បៀងឧបភោគ-បរិភោគ សម្ភារៈ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ ជាជនភៀសសឹកខាងលើនេះ គឺបានធ្វើឡើងនៅក្នុងបរិវេណវត្ដត្រពាំងស្លា ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ​ ខេត្ដកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះសំណេះសំណាលប្រកបដោយកក់ក្ដៅនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតស្រលាញ់ គិតគូរខ្វល់ខ្វាយ និងលើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់វីរកងទ័ព និងប្រជាជនជាជនភៀសសឹក។

ទន្ទឹងនឹងនោះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានគូសរម្លឹកពីការសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនយើងជួរក្រោយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីជួយដល់កងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺមិនទុកឱ្យវីរកងទ័ពយើង និងប្រជាជនយើងរងារនោះទេ សម្ដេចបានធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងផ្លូវច្បាប់ ការទូត និងយុទ្ធវិធីក្នុងការប្រយុទ្ធ។ ជាមួយគ្នានេះគឺមានសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជាតាំងពី១៩៧៩ រហូតផ្ទេរដល់អ្នកបន្ដវេន ជូនទៅដល់រាជរដ្ឋាភិបាលថ្មី គឺសម្ដេចមកដល់ពេលនេះ គឺនៅតែសហការជាមួយនាយករដ្ឋមន្ដ្រីកម្ពុជាយើង ដឹកនាំបញ្ជាកងកម្លាំងយើង ប្រយុទ្ធដើម្បីការពារបូរភាពទឹកដីយ៉ាងរឹងមាំ ប្រកបដោយភាពចាស់ទុំ។

ព្រមជាមួយគ្នានេះឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានផ្ដាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋថា «យើងត្រូវបន្ដមានភាពនឹងនរ កុំជឿទៅតាមការញោះញុះរបស់ជនណាក្បត់ជាតិណាមួយ ដែលចង់បំបែកបំបាក់ការសាមគ្គីគ្នារប​ស់ប្រទេសជាតិយើង។ ព្រោះថាសព្វថ្ងៃសូម្បីតែអន្ដរជាតិ ក៏ដឹងដែរថា ខ្មែរយើងជាប្រទេសមួយដ៏តូច ប្រជាជនក៏តិច សម្ភារៈយុទ្ធភ័ណ្ឌក៏តិច និងមិនទំនើប ប៉ុន្ដែចោរឈ្លានពានថៃមកដល់ពេលនេះនៅតែចូលមិនចុះជាមួយកងទ័ពយើងដែរ ដោយសារទ័ពយើងខ្លាំង ហើយបទពិសោធន៍ ព្រោះតែខ្មែរយើងធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនលើកមកហើយ ដូច្នេះយើងមានយុទ្ធវិធីត្រឹមត្រូវ និងច្បាស់លាស់»

ឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមថា ខ្មែរយើងជាពលរដ្ឋដែលស្លូតត្រង់ មានសច្ចៈធម៌ និងគុណភាពនៅក្នុងខ្លួន ហើយកូនខ្មែរយើងសាមគ្គីភាព ពិសេសក្នុងគ្រាដែលទទួលការឈ្លានពានពីថៃ ឃើញថាប្រជាពលរដ្ឋយើងដែលនៅជួរក្រោយនៅទូទាំងប្រទេសទាំងក្នុង និងក្រៅប្រទេស គឺមានការសាមគ្គីគ្នាខ្លាំងណាស់ ដែលធ្វើឱ្យថៃមិនអាចធ្វើអ្វីខ្មែរយើងបាននោះទេ ។ដូច្នេះលោកបណ្ឌិត សូមឱ្យប្រជាលពលរដ្ឋយើងពង្រឹងជំហរសាមគ្គីភាពកាន់តែរឹងមាំ យើងខ្លាំង យើងនឹងឈ្នះ តែបើយើងបែកបាក់ ខ្មាំងនឹងបានប្រៀបមកលើយើងហើយ។

ក្នុងនាមក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ក៏ដូចជាសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភា លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី នឹងជួយពុកម៉ែបងប្អូនរហូត មិនឱ្យឯការ និងរងារនោះទេ និងសូមស្វាគមន៍ចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងប្រកបដោយភាពកក់ក្ដៅ ។

នាពេលនោះដែរឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានស្រុកជើងព្រៃទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាក់ ក្នុងជួយសម្រួលគ្រប់យ៉ាងជូនដល់ប្រជាជនភៀសសឹកយើងបានយ៉ាងលឿនរហ័សទាន់ចិត្ដ ហើយបានស្នើដល់ប្រជាជនជាជនភៀសសឹកយើង បើមានបញ្ហាអ្វីអាចប្រាប់មកអាជ្ញាធរយើងនឹងរៀបចំជូនភ្លាម ៗផងដែរ​។ លើសពីនោះលោកទាំងពីរ បានណែនាំដល់ប្រជាពលរដ្ឋខាងលើនេះ សូមថែរក្សាសុខភាពឱ្យល្អ និងសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាននៅទីនេះ ដែលចាំបម្រើសុខទុក្ខជូនប្រជាពលរដ្ឋគ្រប់ពេល។

សូមជម្រាបថា ចាប់តាំងពីមានសង្គ្រាមឈ្លានលើកទី២ របស់កងទ័ពថៃមកលើប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ស្រុកជើងព្រៃ មានបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក មកពីតាម បណ្តាលខេត្តនៅជាប់នឹងព្រំដែនប្រទេសថៃ មកស្នាក់នៅបណ្តោះអាសន្ន ចំនួន ១៩២គ្រួសារ ស្មើនឹងមនុស្ស ចំនួន ៦១៣នាក់ ស្រី ៣០៥នាក់, កុមារចំនួន ២៦០នាក់ ស្រី ១៥៨នាក់, ចាស់ជរាចំនួន ១៨នាក់ ស្រី ១០នាក់ និងជនពិការចំនួន ០៧នាក់ ស្រី០១នាក់ ក្នុងនោះមកពីខេត្តបន្ទាយមានជ័យ ចំនួន ៧៦គ្រួសារ, ខេត្តឧត្តរមានជ័យ ចំនួន ៤២គ្រួសារ, ខេត្តបាត់ដំបង ចំនួន ១៤គ្រួសារ, ខេត្តព្រះវិហារ ចំនួន ៣៧គ្រួសារ, ខេត្តសៀមរាប ចំនួន ០៣គ្រួសារ, ខេត្តកោះកុង ចំនួន ១៤គ្រួសារ និងខេត្តប៉ៃលិន ចំនួន ០៣គ្រួសារ ក្នុងចំណោមគ្រួសារ ទាំង១៩២នេះ អាជ្ញាធរ ខេត្ត ស្រុក ឃុំ បានយកចិត្តទុកដាក់ជាប្រចាំ ចំពោះការរស់នៅប្រចាំថ្ងៃ ដូចជាការស្នាក់នៅ អាហារហូបចុក ផ្នែកសុខភាព និងការរៀនសូត្រ របស់កុមារជាដើម៕