ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងវិស័យអប់រំឥស្លាមកម្ពុជា


នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិស័យអប់រំឥស្លាម នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

កិច្ចប្រជុំនេះ រៀបចំដោយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ មានរួមមាន សមាជិក សមាជិកា ព្រឹទ្ធសភា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល គណៈអុីម៊ាំខេត្ត គណៈអុីម៊ាំខេត្តរង នាយកអប់រំខេត្ត នាយកអប់រំរងខេត្ត ភូឈួយខេត្ត នាយកស្រុក គ្រូបង្រៀនខ្មែរឥស្លាម និងបញ្ញវន្ត ទូទាំងប្រទេស សរុបចំនួនជិត៣០០ នាក់។

ក្នុងមតិស្វាគមន៍ លោក ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានលើកឡើងថា កិច្ចប្រជុំខាងលើ មានគោលបំណងពិភាក្សាអំពីតួនាទីរបស់ថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំអ៊ីមាំ ថ្នាក់ដឹកនាំគ្រឹះដ្ឋានសិក្សា គ្រូបង្រៀនខ្មែរឥស្លាម ជាពិសេសបញ្ញវន្តមុស្លិមកម្ពុជា ក្នុងការចូលរួមជាថ្លុងមួយ ដើម្បីពង្រឹងវិស័យអប់រំឥស្លាមឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតនាពេលអនាគត ខណៈវិស័យអប់រំ គឺជាវិស័យស្នូលក្នុងការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំឥស្លាមគ្រប់ជាន់ថ្នាក់ ជាពិសេសលោកគ្រូ អ្នកគ្រូ និងបញ្ញវន្តខ្មែរឥស្លាម ទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា យើងចាំបាច់ត្រូវមានទស្សនវិស័យវែងឆ្ងាយ និងផែនការសកម្មភាពច្បាស់លាស់ ក្នុងការផ្ទេរចំណេះដឹងប្រកបដោយគុណភាពដល់សិស្សានុសិស្ស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ឱ្យមានភាពរឹងមាំ រីកចម្រើន និងប្រកបដោយនិរន្តភាព នៅពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកពីការលះបង់របស់គ្រូបង្រៀនខ្មែរឥស្លាមកាលពីអតីតកាល ដែលបានបង្រៀនដោយស្ម័គ្រចិត្ត និងពឹងផ្អែកតែប្រាក់ឧបត្ថម្ភបន្តិចបន្តួចប៉ុណ្ណោះពីអ្នកភូមិ។ ដើម្បីឆ្លើយតបនឹងការខិតខំនេះ ចាប់តាំងពីឆ្នាំ២០១៥ មក រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមប្រមាណ ១,៥០០ នាក់ ទៅក្នុងក្របខ័ណ្ឌរដ្ឋ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ដូចគ្រូបង្រៀនទូទៅ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំខាងលើ នាពេលរសៀល ក៏មានការពិភាក្សាទាក់ទងប្រធានបទសំខាន់ៗ រួមមាន តួនាទីរបស់ថ្នាក់ដឹកនាំ និងអ៉ីមុំាគ្រប់លំដាប់ថ្នាក់ តួនាទីសមាគមគ្រូបង្រៀនខ្មែរឥស្លាម តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងប្រធានបទផ្សេងទៀត ដើម្បីគាំទ្រវិស័យអប់រំឥស្លាម៕