នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បាននាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលទទួលបានពីសប្បុរសជននានា ទៅឧបត្ថម្ភដល់ជនភៀសសឹក គ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារងាយរងគ្រោះ ក្នុងឃុំចំនួន២ គឺឃុំព្រៃមូល និងឃុំជើងគ្រាវ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន១៥០គ្រួសារ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភាអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ជាទីសក្ការៈ។
ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាមទាំងអស់ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អស់ពីដួងចិត្ត ជូនចំពោះសប្បុរសជនទាំងអស់ ដែលបានបរិចាកជាថវិកា ក៏ដូចជាសម្ភារផ្ទាល់ខ្លួន ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនជនភៀសសឹក គ្រួសារងាយរងគ្រោះ និងជួយគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ៕














