ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអឺរ៉ុប​ មានទំហំជិត ៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង១០% ក្នុងឆ្នាំ២០២៥


រយៈពេលពេញ១ឆ្នាំ២០២៥​ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុប​ ​សម្រេចបានជិត៦ពាន់លានដុល្លារអាមេរិក កើនឡើង​១០.២០% ​បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម

តាមរយៈទិន្នន័យនេះបានបង្ហាញថា រយៈពេល ១២ខែឆ្នាំ២០២៥ កម្ពុជា-សហភាពអឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្ម ៥.៨ពាន់ដុល្លារ កើនឡើង១០.២០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​ដែលមានទំហំ ៥.៣ពាន់ដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប នៅតែស្ថិតក្នុងភាពវិជ្ជមាន ដោយសម្រេចបានប្រមាណ ៥ពាន់លានដុល្លារ កើនឡើង១៣.៥៥% ខណៈការនាំចូលពីអឺរ៉ុបមកវិញ មានទំហំជាង ៨៦៣លានដុល្លារ ថយចុះ៥.៨៨%។

​នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ​ក្រោយកិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម និងវិនិយោគ (SGTI) លើក ទី១២ ​ភាគីទាំងពីរទទួលស្គាល់ពីកំណើនវិជ្ជមាននៅក្នុងការពាណិជ្ជកម្មទ្វេភាគីដែលគាំទ្រដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ ​

ទន្ទឹមគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីវិធានបូក បន្ថែមលើឧស្សាហកម្មកង់នៅកម្ពុជា,​ ពិភាក្សាពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាព អឺរ៉ុប,​បរិយាកាសវិនិយោគនៅកម្ពុជា,ការបើកច្រកទីផ្សារ, ​ជំនួយបច្ចេកទេស សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវឌ្ឍនភាពពាណិជ្ជកម្មក្នុងតំបន់។

ចំពោះដែលនៅមានបញ្ហា សេសសល់មួយចំនួន ​នឹងត្រូវដោះស្រាយនៅកិច្ចប្រជុំអនុក្រុមពាណិជ្ជកម្ម និងវិនិយោគ លើកទី១៣ (SGTI) នៅឆ្នាំ២០២៦ គឺ​ តម្លាភាពប្រព័ន្ធពន្ធដារ, ការដំឡើងនិងការប្រើប្រាស់ថាមពលព្រះអាទិត្យ, សេវាប្រឹក្សាការវាយតម្លៃផលប៉ះពាល់បរិស្ថាន, និងស្តង់ដារសុវត្ថិភាពរថយន្តនិងការនាំចូលស្របគ្នា​៕