បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទទួលអំណោយសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ដើម្បីរៀបចំចាត់ចែង និងវេចខ្ចប់បញ្ជូនទៅវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក


ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពីលោក កែវ បេង វឌ្ឍន៍ ប្រធានយុវជនគណបក្សមូលដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ, លោក អ៊ឹម សិទ្ធីរ៉ា ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, លោក ហាវ រតនៈ ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានថវិកា, លោក នួន សំបូរ ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលសារពើពន្ធ ចំណុះគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីរៀបចំចាត់ចែង និងវេចខ្ចប់បញ្ជូនទៅវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។

អំណោយទាំងនោះរួមមាន៖ អង្ករ២៥តោន, មីខ្លាឃ្មុំ ១៧០០កេស, ត្រីខកំប៉ុង ១៨០កេស, សៀង ៦០០កេស, ទឹកសុទ្ធ ២០០០ កេស, ឆៃប៉ូវ ១០០គីឡូ។

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកប្រធានយុវជនគណបក្សមូលដ្ឋានទាំង៤រូប និងសហការី ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល គាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្ស ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាពជូនជាតិ និងប្រជាជន។

ជាក់ស្តែង គិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋភៀសសឹកបានចំនួន ២៥,២០០ គ្រួសារ ក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ពោធិ៍សាត់, សៀមរាប និងកោះកុង។

ដោយឡែកសម្រាប់វីរៈកងទ័ពជួរមុខ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ខេត្តព្រះវិហារចំនួន ១៤ គោលដៅ,ខេត្តបន្ទាយមានជ័យចំនួន ១២ គោលដៅ,ខេត្តបាត់ដំបងចំនួន ៦ គោលដៅ,ខេត្តឧត្រមានជ័យចំនួន ១១ គោលដៅ និងខេត្តកោះកុងចំនួន ៧ គោលដៅ ផងដែរ។

ក្រៅពីនេះទៀត គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់គោលដៅផ្សេងទៀតផងដែរ ។

ទទ្ទឹមនេះ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល បាន និងកំពុងបន្តចាត់ចែង អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនទៅគោលដៅដែលមានតម្រូវការចាំបាច់បន្ថែមទៀត ដោយបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំខេត្ត។

ក្នុងនាមសម្តេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងក្នុងនាមគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បយុរសជនទាំងអស់គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលបាននាំយកអំណោយជាថវិកា និងសម្ភារយ៉ាងច្រើនជូនសម្តេចធិបតី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទឹកដី ជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។

លោកបណ្ឌិត បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាបន្តការជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជឿជាក់លើការដឹកនាំ របស់គណបក្សាប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដ៏ឆ្នើមគ្មានពីរនៅកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី៕