ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុញ្ញាតឲ្យគណៈប្រតិភូម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសប្រតិភូអញ្ជើញមកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម៉ាឡេស៊ី


នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអនុញ្ញាតឲ្យគណៈប្រតិភូម៉ាឡេស៊ី ដែលដឹកនាំដោយលោក RAHIM BIN HJ HASHIM ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

ជំនួបនេះ ធ្វើឡើងក្នុងឱកាសប្រតិភូចំនួន៣៨នាក់ខាងលើ កំពុងធ្វើដំណើរយុទ្ធនាការក្បួនរថយន្ត «Malaysia Madani» ឆ្លងកាត់ប្រទេសចំនួនបី រួមមាន ថៃ ឡាវ និងកម្ពុជា ដើម្បីបង្ហាញពីវប្បធម៌ និងតំបន់ទេសចរណ៍នានា ក្នុងការត្រៀមលក្ខណៈសម្រាប់ ឆ្នាំទស្សនាម៉ាឡេស៊ី ២០២៦ (Visit Malaysia 2026) និងដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួត រវាងប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាអបអរសាទរក្នុងឱកាសដែលប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៥។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ និងបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនៃក្បួនរថយន្តឆ្លងដែននេះ ដែលវាមិនត្រឹមតែជួយផ្សព្វផ្សាយទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកឱកាសសម្រាប់សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។

លោក RAHIM BIN HJ HASHIM បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់។ លោកបានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅដ៏សំខាន់មួយក្នុងយុទ្ធនាការនេះ ដោយសារតែមានទំនាក់ទំនងល្អជាមួយកម្ពុជា និងមានសហគមន៍ឥស្លាម ដែលជាស្ពានចម្លងវប្បធម៌យ៉ាងរឹងមាំជាមួយម៉ាឡេស៊ី។

សូមជម្រាបថា ក្បួនព្យុហយាត្រាឆ្លងកាត់អាស៊ាន ម៉ាដាឌី ឆ្នាំ២០២៦ (KONVOI TRANS ASEAN MADANI2026) ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រៀបចំដោយ អង្គការសហករណ៍ជាតិម៉ាឡេស៊ី (Angkasa), សមាគមមិត្តភាពអាស៊ាន-ជប៉ុនសតវត្សទី២១ នៃប្រទេសម៉ាឡេស៊ី (PAMAJA) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលស្របតាមតាមគំនិតផ្ដួចផ្ដើម នៃយុទ្ធនាការឆ្នាំទស្សនាម៉ាឡេស៊ី ២០២៦ (VM2026) ក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ដើម្បីឈានទៅសម្រេចគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិ ៤៧លាននាក់ នៅឆ្នាំនេះ៕