ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរតែមួយ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ជាស្បៀងអាហារ សម្ភារប្រើប្រាស់ជាច្រើនមុខ រួមនឹងថវិកាឧបត្ថម្ភសរុប ៦០លានរៀល ដើម្បីលើកទឹកចិត្តវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តឧត្តរមានជ័យ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ បានអញ្ជើញទៅដល់ទីតាំងគោលដៅចំនួន ៣ រួមមាន៖
១៖ ទីតាំងគោលដៅទី ១ អង្គភាពកងពលលេខ៦ ៖ ប្រគល់ជូនមេបញ្ជាការកងពល នៅស្រុកសូតនិគម ខេត្តសៀមរាប។
២៖ ទីតាំងគោលដៅទី ២ អង្គភាពកងពលលេខ២១ ៖ ប្រគល់ជូនមេបញ្ជាការកងពល នៅស្រុកស្រីស្នំ ខេត្តសៀមរាប។
៣៖ ទីតាំងគោលដៅទី ៣ រដ្ឋបាលខេត្តឧត្តរមានជ័យ ៖ ប្រគល់ជូនឯកឧត្តមអភិបាលខេត្ត នៅស្រុកចុងកាល់ ដើម្បីចាត់ចែងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក។
ក្នុងគោលដៅនីមួយៗ ទទួលបានថវិកាឧបត្ថម្ភ ២០លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់ជាច្រើនមុខ ដែលជាទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់មន្ត្រីរាជការ ព្រះសង្ឃ វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ក្រោមទស្សនៈ «ខឿនការពារជាតិរបស់ប្រជាជន»។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់ សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែន និងបងប្អូនជនភៀសសឹក ទាំងអស់។
ជានិច្ចកាល សម្តេចចក្រី សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ព គ្រួសារវីរកងទ័ព ព្រមទាំងប្រជាជន គ្រប់ទីកន្លែង គ្រប់ពេលវេលា។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិការ ទឹកចិត្ត ស្មារតី នៅជាប់ជាមួយវីរកងទ័ពយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងកម្លាំងមហាសាមគ្គី នៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែក នៅខេត្តត្បូងឃ្មុំ ព្រះសង្ឃ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗ ខ្លួន ចម្រុះមុខ ចាប់តាំងពីរដ្ឋបាលខេត្តបានចេញសេចក្តីអំពាវនាវ រួចមក ដោយបានចាត់ចែងវេចខ្ចប់ និងដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់។
លោក ប៉ែន កុសល្យ បានថ្លែងក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ នៅទូទាំងខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណ និងគោរពដឹងគុណដល់វីរកងទ័ព វីរនគរបាលជាតិ ជួរមុខកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿចិត្តយ៉ាងមុតមាំ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងយុត្តិធម៌ ស្របតាមច្បាប់អន្តរជាតិ ដើម្បីរក្សាឱ្យបានទាំងស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិអង្គរ។
គួរជម្រាបដែរថា អំណោយដែលរដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានពីសប្បុរសជន ហើយបាននាំយកមកប្រគល់ជូនដល់ អង្គភាពកងពលលេខ៦, អង្គភាពកងពលលេខ២១ និងរដ្ឋបាលខេត្តខេត្តឧត្តរមានជ័យ នាពេលនេះដូចជា ៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា នំក្រៀម ឆ្នាំង ភួយ ទឹកផ្លែឈើ និងទឹកក្រូច ក្រមា និងថ្នាំពេទ្យជាដើម៕











