អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថមជូនគ្រួសារវីរកងទ័ពជួរមុខ និងវីរនគរបាលការពាព្រំដែនចំនួន ៤៥០គ្រួសារ


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខឈរជើងការពារព្រំដែនចំនួន៤៥០គ្រួសារ នៅក្រុងបាត់ដំបង។

សំណេះសំណាលក្នុងឱកាសនេះឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

បន្ថែមពីនេះឯកឧត្តម សុខ លូ បានបន្តក្រើនរំលឹកពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍បំពង់សំឡេងខ្លាំង ក្នុងភូមិឋានដែលបង្កការរំខានដោយសំឡេងប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមបានលើកឡើងពីគម្រោងស្ថាបនាផ្លូវ ដោយនៅក្នុងឆ្នាំ២០២៦នេះ គម្រោងនៅប៉ែកខាងលិចស្ទឹងនឹងត្រូវបន្តដោយសាងសង់ផ្លូវចំនួន២១ខ្សែ មានប្រវែងប្រមាណ១០គីឡូម៉ែត្រនៅក្នុងក្រុងបាត់ដំបង ហើយផ្លូវមួយចំនួនទៀតក៏នឹងត្រូវសាងសង់ជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង សង្កាត់ យកចិត្តទុកដាក់ក្នុងការរំដោះទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរុះរើសំយ៉ាបមុខផ្ទះ ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋទៅថ្ងៃអនាគត និងស្នើពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវ រួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើ សុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច៕