ឯកឧត្តមរដ្ឋមន្ដ្រី ចាយ បូរិន អនុញ្ញាតឲ្យប្រធានសមាគមចំនួន៣ មកពីប្រទេសប៊ែលហ្សិក និងកម្ពុជា ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកប្រគល់ជូន តាមរយៈក្រសួង សម្រាប់ចែកជូនជនភៀសសឹក និងកងទ័ព


ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោក Abdalrahman Ramon Gonzalez Suarez Farid Ben Amar (អាប់ដាល់រ៉ាម៉នរ៉នហ្សាលេស ស្វារ៉េស) ប្រធានសមាគម Humanipedie ប្រទេសបែលហ្សិក និងលោក ហ្វារីដ ប៊ែន អាម៉ា (Farid Ben Amar) ប្រធានសមាគម Projet Alyatim ប្រទេសបែលហ្ស៊ិក សុះ ជីបព្រល ប្រធានសមាគមអភិវឌ្ឍន៍ និងការអប់រំមុស្លីមកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងនាំយកអំណោយមកប្រគល់ជូនសម្រាប់ ចែកជូនវីរកងទ័ព និងគ្រួសារភៀសសឹក តាមរយៈក្រសួងធម្មការនិងសាសនា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ​ ​និងសម្ភារៈ មកប្រគល់ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សម្រាប់ឧបត្ថម្ភ សមរភូមិមុខ សមាគមទាំង៣ បានជម្រាបជូនអំពីគោលបំណងសំខាន់ នាឱកាសនេះចំនួន៣គឺ៖

១៖ នាំយកជំនួយមានគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនវីរកងទ័ព និងគ្រួសារភៀសសឹក នៅខេត្តទាំង៨នៅជាប់ព្រំដែនកម្ពុជា-ថៃ តាមរយៈក្រសួងធម្មការនិងសាសនា។

២៖ ជម្រាបជូនអំពីដំណើរការសាងសងសាលាចំនួន២ខ្នង ដើម្បីរួមចំណែកជាមួយ រដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលបង្កើតធនធានមនុស្ស ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

៣៖ នាំយកអំណោយជាបន្តបន្ទាប់ សម្រាប់ប្រគល់ជូនក្រសួងសម្រាប់ចាត់ចែងតាមអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវការ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងត្រូវបានប្រទេសថៃឈ្លានពាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានខិតខំប្រើគ្រប់មធ្យោយបាយ ដើម្បីបញ្ជៀសនូវសង្រ្គាម តាមរយៈមធ្យោបាយការទូត ពិសេសយុទ្ធសាស្រ្ត ស្ងៀមតែមិនស្ងាត់។

ឯកឧត្តមបានថ្លែងថា កម្ពុជាមានវីរៈកងទ័ពដ៏អង់អាចក្លាហានបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា ឱ្យមានសុខសន្តិភាព និងមានកងទ័ពយើងខ្លះ បានពាលីជីវិតដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាផ្សេងៗទៀតនៅកម្ពុជា បានចូលរួមចំណែក ជួយគាំទ្រជាមួយរាជរដ្ឋាភិបាល នៅពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាក និងបាននាំយកអំណោយជាបន្តបន្ទាប់ ជូនដល់វីរៈកងទ័ព និងបងប្អូនជនភៀសសឹក ដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ។

ជំនួសរាជរដ្ឋាភិបាលកម្ពុជាវីរៈកងទ័ព និងបងប្អូនជនភៀសសឹក ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ សមាគម Humanipedie សមាគម Projet Alyatim និងសមាគមអភិវឌ្ឍន៍ និងការអប់រំមុស្លីមកម្ពុជា និងសហការី ជួបតែសេចក្តីសុខ និងសម្រេចបានគ្រប់ភារកិច្ចមនុស្សធម៌នៅកម្ពុជាជានិច្ចនិរត្តន៍ និងសូមជូនពរដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សំណាងល្អ និងព្រះអល់ឡោះប្រទានពរ។

សូមបញ្ជាក់ជូនផងដែរថា ជំនួយទាំងអស់នេះ សមាគមប្រគល់ជូនក្រសួងធម្មការ និងសាសនា តាមរយៈលោក ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដើម្បីជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេង បានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងសូមជូនពរដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សំណាងល្អ និងព្រះអល់ឡោះប្រទានពរ៕