អភិបាលខេត្តកំពង់ចាម៖ រយៈពេល១ឆ្នាំ អាជ្ញាធរបានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ប្រជាពលរដ្ឋសាទរ និងរស់នៅប្រកបដោយក្តីសុខ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ អាជ្ញាធរខេត្ត បានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដែលប្រការនោះធ្វើឱ្យប្រជាពលរដ្ឋសាទរ និងរស់នៅប្រកបដោយសេចក្តីសុខ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា៖ «គ្រប់ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ សមត្ថកិច្ចយើងបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមសាទរ និងរស់នៅប្រកបដោយក្តីសុខ និងការប្រកបមុខរបរចិញ្ចឹមជីវិតរក្សាបានប្រក្រតីភាពក្នុងការរស់នៅ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

គួរបញ្ជាក់ថា របៀបវារៈសម្រាប់កិច្ចប្រជុំនេះ មានដូចខាងក្រោម ៖

*ទី១៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម

*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម

*ទី៤ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម

*ទី៥៖ បញ្ហាផ្សេងៗ៕