ឯកឧត្តម​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​


នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត​ ខែ​ផល្គុន​ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និង​ការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង។​

សូមជម្រាបថា​ អនុវត្តតាម​​​សេចក្ដីណែនាំ​​លេខ​ ០១សណន ចុះថ្ងៃទី២១​ ខែ​ឧសភា ឆ្នាំ​២០២៤​ ស្ដីពីការពិនិត្យឡើងវិញ និង​ការវិភាគមុខងារនិង​រចនាសម្ព័ន្ធ​ក្រសួងស្ថាប័ន​ ដើម្បីលើកកម្ពស់​ដំណើរការនៃក្រសួង​ស្ថាប័ន​ឱ្យ​កាន់តែមានប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិភាព ក្រសួងធនធានទឹក និង​ឧតុនិយម​ ដែលមានក្រុមការងារ​កែទម្រង់រដ្ឋបាលសាធារណៈក្រសួង​ជាសេនាធិការ​ បានដំណើរការ​ប្រជុំផ្ទៃក្នុងក្រសួងជាច្រើនលើក និង​សហការសម្របសម្រួល​ជាមួយក្រសួងមុខងារសាធារណៈ ក្នុងការពិនិត្យឡើងវិញនូវមុខងារ​ តួនាទី ភារកិច្ច​ និង​រចនាសម្ព័ន្ធ​ តាមអភិក្រម​ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ​ និង​បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅ​របស់ក្រសួងធនធានទឹក និង​ឧតុនិយម​ ដែលមានបែងចែកជា១១ជំពូក និង​ ៣១មាត្រា។​

​សូមបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ​គឺការធ្វើទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យក្លាយជារដ្ឋបាលសាធារណៈ​ទំនើបប្រកបដោយ​សមត្ថភាពខ្ពស់ ខ្លាំង​ វៃឆ្លាត​ និង​ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍​ជូនប្រជាជនឱ្យកាន់តែប្រសើរ​​ និង​​បានដាក់ចេញនូវវិធានការគន្លឹះ​ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ​ដែលក្នុងនោះរួមមាន​ ការពង្រឹងសមត្ថភាព​ ​និង​សមិទ្ធកម្មស្ថាប័ន​ ដើម្បីលើកកម្ពស់​គុណភាពការងារ​ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធិភាព៕