ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានជំរុញឱ្យបងប្អូនអ្នករត់ម៉ូតូឌុប និងតាក់ស៊ី ក្នុងស្រុកកណ្តៀង និងក្រគរ រួសរាន់ចុះឈ្មោះ ចូលរួមជាសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល ដែលនេះគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនក្នុងវិជ្ជាជីវៈនេះ។
ឯកឧត្តមបណ្ឌិតបានជំរុញបែបនេះនៅស្នាក់ការគណបក្សស្រុកកណ្តៀង និងស្នាក់ការគណបក្សស្រុកក្រគរ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនគ្រួសារម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំង២ស្រុក ចំនួន៦២៥នាក់ ដោយបានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសសនោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីស្ថានភាពដ៏ស្មុគស្មាញ នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល។ ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មិនឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃហួសហេតុ សំដៅធានានិរន្តរភាពជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើឱ្យបងប្អូនទាំងអស់ ចូលរួមផ្សព្វផ្សាយ និងប្រើប្រាស់ប្រេងដោយសន្សំសំចៃ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយក្នុងគ្រួសារ និងសង្គម។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាភាគីថៃ តែងតែបង្ហាញមហិច្ឆតាចង់បានទឹកដីខ្មែរគ្រប់ពេលវេលាក៏ដោយ ប៉ុន្តែកម្ពុជាមានជំហរច្បាស់លាស់ និងមានយន្តការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ, ហើយយើងទាំងអស់គ្នា បានប្តេជ្ញាចិត្តថា ត្រូវតែរួមគ្នាការពារអធិបតេយ្យភាពជាតិ ឱ្យបានរឹងមាំ។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាជំនឿចិត្តយ៉ាងមុតមាំ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងសូមបួងសួងសុំឱ្យសង្គ្រាម និងជម្លោះនានា ទាំងនៅតំបន់មជ្ឈឹមបូព៌ា និងបញ្ហាព្រំដែន កម្ពុជា-ថៃ ឈានទៅរកការបញ្ចប់ដោយសន្តិវិធីក្នុងពេលឆាប់ៗ ដើម្បីសេចក្តីសុខសាន្តរបស់មនុស្សជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិ៕









































