ដាណឺម៉ាក ពេញចិត្តនឹងជំហរបស់កម្ពុជាលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ, ប្រកាន់ខ្ជាប់ស្មារតីបទឈប់បាញ់ និងដោះស្រាយដោយសន្តិវិធី


លោក ដែននី អានណាន ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា បាន​បង្ហាញ​ការពេញចិត្តនឹងជំហរបស់កម្ពុជា លើការដោះស្រាយជម្លោះព្រំដែនជាមួយ​ប្រទេស​​ថៃ ដោយប្រកាន់ខ្ជាប់ស្មារតីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងដោះស្រាយដោយសន្តិវិធី។

លោកឯកអគ្គរាជទូតលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។

បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្ន​កនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោកឯកអគ្គរាជទូតថា លើជម្លោះព្រំដែនជាមួយថៃនេះ រាជរដ្ឋាភិបាលកម្ពុជា គោរព​យ៉ាង​​ខ្ជាប់ខ្ជួននូវបទឈប់បាញ់រវាងគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។

ក្រៅពីលើកឡើងនូវបញ្ហាខាងលើនេះ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹង ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក កាន់តែរីកចម្រើនបន្ថែមទៀត​នៅក្នុងអាណត្តិការងាររបស់លោកឯកអគរាជទូត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងកន្លងមករវាងកម្ពុជា និងដាណឺម៉ាក មានភាពល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៧ នឹងមានការរៀបចំកម្មវិធីនានា ដើម្បីអបអរសាទរខួបនៃចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ។

នៅចំពោះមុខប្រមុខរដ្ឋស្តីទីរបស់កម្ពុជា, លោក ដែននី អានណាន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។ លោកឯកអគ្គរាជទូត បានលើកឡើងថា ក្នុងតួនាទីជាឯកអគ្គរាជទូតនៅកម្ពុជា លោកនឹងប្រឹងប្រែងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក ឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូត។ សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពទៅនឹងការតាំងចិត្តរបស់លោកឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យមានភាពល្អប្រសើរ ដែលស្របទៅនឹងកិច្ចសហប្រតិបត្តិការនយោបាយ និងការទូតរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សក្តានុពលនៃទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ានៅមានច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា។ ជាពិសេសនៅក្នុងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។

បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកទស្សនៈពាក់ព័ន្ធ​ការ​វិវត្តន៍ស្ថាន​ការណ៍អន្តរ​ជាតិ ដែលកំពុងកើតមាននាពេលបច្ចុប្បន្នផងដែរ៕