ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦។
សន្និបាតនេះបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់ក្រសួង សា្ថប័ន ជាសមាជិក គ.ជ.ប.ជ អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងបង្ហាញពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្រេចបានចំណុចខ្លាំង បញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតជាដាច់ខាត។
របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន១៩៨ករណី កើន៧៤ករណី)។
ចំពោះការគ្រប់គ្រងស្ថិតិពលរដ្ឋខ្មែរចំណាកស្រុក ចំណូលស្រុក អគ្គស្នងការដ្ឋាននគរបាលជាតិ បានតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថិតិពលរដ្ឋខ្មែរចំណាកស្រុក ទៅក្រៅប្រទេស តាមរយៈការប្រមូលទិន្នន័យពីបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទូទាំងប្រទេស ដោយក្នុងនោះ ពលរដ្ឋខ្មែរដែលចំណាកស្រុកទៅក្រៅប្រទេស ទាំងស្របច្បាប់ មិនស្របច្បាប់ និងដាច់ការទាក់ទង មានចំនួនសរុប ១,៤៦៨,៨៩០នាក់ (ស្រី៥៨៧,៥៤០នាក់) ក្នុងនោះអនីតិជនមាន ៤៦,៦៥៧នាក់ (ស្រី១៤,៦៧៦នាក់)។
ការគ្រប់គ្រងស្ថិតិពលរដ្ឋខ្មែរចំណូលស្រុក អគ្គស្នងការដ្ឋាននគរបាលជាតិ បានតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថិតិពលរដ្ឋខ្មែរវិលត្រឡប់មកវិញ តាមរយៈការប្រមូលទិន្នន័យពី បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទូទាំងប្រទេស ដោយក្នុងនោះពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេស ទាំងស្របច្បាប់ មិនស្របច្បាប់ មានចំនួនសរុប១,១៣២,៧២២នាក់ (ស្រី៥៥៨,៣៦៩នាក់) ក្នុងនោះអនីតិជនមាន៤,៤១៤នាក់ (ស្រី១,៦៣៩នាក់)។
ដោយឡែក ការលើកកម្ពស់ការយល់ដឹងតាមរយៈការអប់រំផ្សព្វផ្សាយដោយផ្ទាល់ សរុបវេទិកាព្រឹត្តិការណ៍ តូច ធំ ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ គឺបានចំនួន២៤៥,៦៣៣លើក មានអ្នកចូលរួមសរុបចំនួន១៣,៨៨៩,៤៣៤នាក់ ស្រី៦,៥៤៥,៧៨៧នាក់ (ធៀបនឹង ឆ្នាំ២០២៤ មានចំនួន៩,៣៣៣,៩៦៩នាក់) គឺមានការកើនឡើងចំនួន ៤,៥៥៥,៤៦៥នាក់ ស្មើនឹង៤៨.៨០%៕





















