អភិបាលខេត្តបាត់ដំបង បើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ និងស្ដារប្រឡាយ ក្នុងស្រុកមោងឫស្សី


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់១.៥ម៉ែត្រគុណ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងនិងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។

ឯកឧត្តម ណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការ លក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរពតាមគោលការណ៍តម្លៃ លើទីផ្សារដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។

ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% និងណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវរៀបចំដាក់សូឡាបំភ្លឺផ្លូវនៅតាមទីប្រជុំជន។

ឯកឧត្តមបានថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានឧបត្ថម្ភសូឡាដាក់បំភ្លឺផ្លូវចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់រហូតដល់ខេត្តបន្ទាយមានជ័យ៕