ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្តុះបណ្តាល ពីការអភិវឌ្ឍយន្តការសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ការសម្របសម្រួល ដឹកជញ្ជូនឆ្លងកាត់ព្រំដែន


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការអភិវឌ្ឍយន្តការសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ការសម្របសម្រួល ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន»

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន មកពីគ្រប់អង្គភាពរដ្ឋបាលកណ្តាល និងមន្ទីររាជធានី-ខេត្តទាំង២៥ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញតាមផ្លូវគោកកម្ពុជា សមាគមដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកកម្ពុជា និងតំណាងរដ្ឋបាលខេត្តជាប់ព្រំដែនផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីក្របខណ្ឌគតិយុត្ត កិច្ចព្រមព្រៀង យន្តការ នីតិវិធី និងសារៈសំខាន់ក្នុងការចូលរួមអនុវត្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការដល់គ្រប់ភាគីពាក់ព័ន្ធ លើការងារសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងដើម្បីឆ្លើយតបទៅតាមស្ថានភាពជាក់ស្តែង ជាពិសេសធានាឱ្យមាននូវនិរន្តភាពនៃខែ្សច្រវាក់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបជូនផងដែរថា វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំឡើងនៅ ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្ដមានុវត្តន៍ ពីវាគ្មិនកិត្តិយសដែលពោរពេញទៅដោយជំនាញ និងបទពិសោធន៍ជាតិ និងអន្តរជាតិ រួមមានលោកសាស្រ្តាចារ្យ Hanaoka Shinya ដែលជាជំនាញការផ្នែកដឹកជញ្ជូន និងឡូជីស្ទីក តំណាងជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងទីស្នាក់ការច្រកទ្វារជាប់ខេត្តព្រំដែន និងជំនាញការ JICA ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន៕