រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារកំពុងដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នជូនបងប្អូនភៀសសឹក ដែលត្រូវទាហានចូលឈ្លានពាន និងកាន់កាប់ផ្ទះសម្បែង


រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបានមានដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃ ហ៊ុំព័ទ្ធផ្ទះសម្បែង ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធបានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន ទៅតាមជំហានៗតាមរយៈនៃការចាប់ឆ្នោតយកលេខ ក្បាលដីឡូត៍។

ថ្មីៗនេះក្រុមការងាររៀបចំដីឡូត៍បានរៀបចំកម្មវិធីចាប់ឆ្នោតយកផ្ទះ និងដីឡូត៍ជូនជនភៀសសឹក ដើម្បីចូលទៅរស់នៅបណ្តោះអាសន្ន ប៉ុន្តែនៅមានបងប្អូនជនភៀសសឹកមួយចំនួនដែលបានចុះឈ្មោះ ក្រោយជាបន្តបន្ទាប់ ហើយពុំទាន់ទទួលបានផ្ទះ និងដីឡូត៍មានការព្រួយបារម្ភខ្លាចអត់ទទួលបានផ្ទះ និងដីឡូត៍។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា ការដោះស្រាយជូនបងប្អូនជនភៀសសឹកដែលមានដី និងផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅបានដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុង តឺន័រក្នុងភូមិសាស្ត្រភូមិខាងលើ ហើយការរៀបចំស្របតាមបែបបទ និងនីតិវិធីទៅតាមការចុះឈ្មោះរបស់ បងប្អូនជនភៀសសឹក៕