នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងឈានមកដល់នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការងារតុបតែងលម្អសោភណ្ឌភាព នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលកំពុងលេចរូបរាងជាបណ្តើរៗ ហើយត្រៀមរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសឆ្នាំថ្មីនេះ។
បន្ទាប់មក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញបន្តទៅពិនិត្យមើលការងាររៀបចំនៅភូមិវប្បធម៌ «សួនវឌ្ឍន» នាសួនច្បារអតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ក្នុងឱកាស នៃការចុះពិនិត្យនោះ លោក ឃួង ស្រេង បានណែនាំឲ្យក្រុមការងារជំនាញ ពន្លឿនការរៀបចំនេះឲ្យបានលឿន និងឲ្យទាន់ពេលចូលឆ្នាំ ព្រមទាំងបាញ់ទឹកសម្អាតផ្លូវធ្វើអនាមម័យ បរិស្ថានផងដែរ។
គិតមកដល់ថ្ងៃទី១០ ខែមេសានេះ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹក ញាប់ដៃញាប់ជើង សម្រុករៀបចំតុបតែងលម្អសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»។ ចំណែកខាងជំនាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏កំពុងរៀបចំតុបតែងលម្អរពិសេសភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗទៀតដែរ។
ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងនៅទីតាំងចំនួន៥កន្លែងផ្សេងទៀត។
ក្នុងនោះរូបសំណាកសេះពណ៌មាសដ៏អង់អាច តំណាងឲ្យឆ្នាំមមី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ធ្វើឡើងមានកម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវបានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដំឡើងរួចរាល់នៅលេីបល្ល័ង្ក កម្ពស់៣ម៉ែត្រ ទទឹង៣ម៉ែត្រខាងមុខ នាឡិកាធំ ហើយអមដោយរូបសំណាកចាប៉ីដងវែងដ៏ធំមួយ ក៏រួចរាល់ ជាមួយការតុបតែងលម្អរយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស និងមានរូបសំណាកមួយចំនួនទៀត នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះទទួលបានជោគជ័យ និងមានសោភណ្ឌភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រង់ចាំទទួលស្វាគមន៍ ពុកម៉ែ មីង អុំ បងប្អូនមកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍន សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែនផ្លូវ៣០៨ (Bassac Lane) និងបរិវេណផ្សារទួលទំពូងផ្លូវ១៥៥។
ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ (Walk Street) រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅតាមទីតាំងខាងលើ ឲ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕







































