គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្ត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ នៅកងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់ ចំនួន ៣៥មុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
នាឱកាសនោះ លោក ប្រាក់ សោភ័ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពជួរមុខគ្រប់កាលៈទេសៈ ក្នុងពេលដែលប្រទេសជិតខាងបានចូលឈ្លានពានទឹកដីកម្ពុជា នៅតាមព្រំដែន។ គណៈប្រតិភូបានពាំនាំនូវមនោសញ្ចេតនា និងទឹកចិត្តអាណិតស្រឡាញ់ពីសំណាក់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តសៀមរាប ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
លោកបានបន្តថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងក្នុងការកៀងគសប្បុរសជន ជាតិ អន្តរជាតិ ឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរ ខ្មែរជួយខ្មែរ។ លោកបានសង្កត់ធ្ងន់លើកត្តា ៤ យ៉ាង ដើម្បីឲ្យប្រទេសជាតិខ្លាំង ត្រូវមាន វីរកងទ័ពខ្លាំង, ថ្នាក់ដឹកនាំខ្លាំង, សេដ្ឋកិច្ចខ្លាំង, ប្រជាពលរដ្ឋមានសាមគ្គីភាព និងសមត្ថភាពខ្ពស់។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅប្រែក្លាយតំបន់ព្រំដែនឲ្យទៅជា (ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ) ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដោយមិនចង់ឲ្យមានការបាត់ បង់អាយុជីវិតកងទ័ព ឬប្រជាពលរដ្ឋឡើយ។
លោកក៏បានជម្រុញ និងលើកទឹកចិត្តដល់នាយទាហាន ពលទាហានទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រឲ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃមានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ។
លោក ប្រាក់ សោភ័ណ បានសម្តែងភាពស្ញប់ស្ញែងចំពោះវីរៈកងទ័ពកម្ពុជា មានភាពអង់អាចក្លាហានតតាំងជាមួយសត្រូវឈ្លានពាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដី និងបានធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
លោកឧត្តមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានធ្វើសេចក្តីរាយការណ៍ ពីស្ថានភាពសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាប និងបានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដីឲ្យបានដាច់ខាត។
អំណោយដែលផ្តល់ជូន រួមមាន៖ ចំនួន៣៥មុខ ក្នុងនោះ ថវិកា៤០លានរៀល និងអង្ករ ៥តោន មី១៥០កេស, ស្រាបៀរ ២០០កេស, គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០យូរ,ប្រេងសាំង ១ពាន់៥០០លីត្រ, ស័ង្គសី ១ពាន់សន្លឹក ពុយដាក់ប្រេង៨ និងអំពូលសូឡា ៥គ្រឿង, គោ ៤ក្បាល និងជ្រូក២ក្បាល។ ក្រៅពីនោះ ជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀល និងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ រួមមាន៖ ស្រាបៀរ៥០កេស, មី ៧០កេស និងថវិកា ៦លានរៀលផងដែរ៕












