អភិបាលខេត្តតាកែវ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន និងពលទាហាន នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅស្រុកភ្នំស្រួច នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ ឧត្ដមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងជាច្រើនរូបទៀត។

ឯកឧត្តម វ៉ី សំណាង បានថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីអង់អាចក្លាហានរបស់កងកម្លាំងយោធភូមិភាគទី៣ ដែលកន្លងមកបានបូជាកម្លាំងកាយចិត្ត ប្រយុទ្ធការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់។ លោកអភិបាលខេត្ត បន្តថា រាល់ការលះបង់គ្រប់បែបយ៉ាងរបស់កងកម្លាំងយើង គឺជាគ្រឹះដ៏សំខាន់ដែលធ្វើឱ្យជាតិមាតុភូមិទទួលបានសុខសន្តិភាព និងការរីកចម្រើនដូចសព្វថ្ងៃ។ ការចុះសួរសុខទុក្ខនៅថ្ងៃនេះ គឺជាការបង្ហាញនូវការគាំទ្រ និងការដឹងគុណពីសំណាក់រដ្ឋបាលខេត្ត និងប្រជាជនខេត្តតាកែវ ចំពោះសមរភូមិមុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ អ៊ុយ ហៀង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលខេត្តតាកែវ និងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងតែគិតគូរ និងផ្ដល់កម្លាំងចិត្តដល់កងទ័ព ដែលនេះគឺជាការបង្ហាញពីចំណងសាមគ្គីភាពស្អិតរមួតរវាងសមរភូមិក្រោយ និងសមរភូមិមុខឱ្យកាន់តែរឹងមាំទ្វេឡើង។

អំណោយដែលរដ្ឋបាលខេត្តតាកែវបាននាំយកមកចែកជូន រួមមាន ឃីតចំនួន ១,៥០០កញ្ចប់ (មីខ្លាឃ្មុំ ត្រីខកំប៉ុង និងទឹកត្រី) សៀងឆាសាច់ជ្រូក ៣០០កំប៉ុង ពងទាប្រៃ ១,៥០០គ្រាប់ ឆៃប៉ូវផ្អែម ៨០គីឡូក្រាម ថវិកាចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) ព្រមទាំងបៀrចំនួន ២០០កេសផងដែរ៕