ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក ឡេ ថាញ់ ដុង លេខាធិការទី១ នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងគោរពជូនពរជ័យសិរីសួស្ដី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក ឡេ ថាញ់ ដុង និងសហការី ចំពោះការជូនពរជ័យសិរីសួស្ដីក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។










