ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ស្របនឹងរដ្ឋធម្មនុញ្ញ


ក្រុមប្រឹក្សាធម្មនុញ្ញា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌បញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ស្របនឹងរដ្ឋធម្មនុញ្ញ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ ឯកភាពទាំងស្រុង នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្របនឹងរដ្ឋធម្មនុញ្ញ៕