នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។
ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដីនៃខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។
គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ចាប់តាំងពីថ្ងៃប្រកាសបើកជាផ្លូវការជាងមួយឆ្នាំមក គម្រោងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ទៅតាមផែនការនៃគម្រោងរហូតឈានដល់ការបើកការដ្ឋានសាងសង់នៅដំណាក់កាលទី២ ដែលជាដំណាក់កាលដ៏សំខាន់នៃគម្រោង។
យោងតាមរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ផ្លូវទឹកកំណាត់ទី១៖ មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់ព្រែកពោធិ៍នៃទន្លេបាសាក់ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្នផ្លូវទឹកកំណាត់ទី១នេះ សម្រេចបានវឌ្ឍនភាពការងារសំខាន់ៗដូចជា បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះបង្គោលព្រំដីចំនួន១៥៥ ដោយទទួលបានការឯកភាពរួចរាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ផ្លូវទឹកកំណាត់ទី១នេះ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះ ក្រុមការងារជំនាញ បានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់ ដោយគ្រោងចំណាយថវិកាដោះស្រាយប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។
ផ្លូវទឹកកំណាត់ទី២៖ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ភូមិសាស្រ្ត ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ប្រវែង ៣៣គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៥៣គីឡូម៉ែត្រ ខេត្តកំពត ប្រវែង ៤៨,៧គីឡូម៉ែត្រ និងខេត្តកែប ប្រវែង១៦,៩គីឡូម៉ែត្រ។ គម្រោងនេះមានជម្រៅទឹកប្រមាណ ៤,៧ម៉ែត្រ (ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេមេគង្គ និងសមុទ្រ) ទទឹងផ្លូវទឹក ៦០ម៉ែត្រ កាំកំណោងអប្បបរមា ៥៨០ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យប្រភេទនាវាមានទម្ងន់ផ្ទុករហូតដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើនាវាចរណ៍និងចៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះ នឹងត្រូវសាងសង់នៅលើតម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់ ប្រវែង ៣៨,៦គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ១១៣គីឡូម៉ែត្រ ក្នុងនោះផ្លូវទឹកជីកតម្រង់កុំឱ្យកោងខ្លាំងប្រវែង ៥,៥គីឡូម៉ែត្រ និងការសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ២កន្លែង ដែលស្ថិតនៅខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាបប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសាងសង់ស្ពានចំនួន ៦កន្លែង ទីតាំងបោះយុថ្កាចំនួន ៥កន្លែង បំពង់បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩កន្លែង ទ្វារទឹកចំនួន ៦៩កន្លែង ការបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗបន្ថែមទៀត។
គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១ភាគរយ និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន ចំនួន ៤៩ភាគរយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា បច្ចុប្បន្នការងារបោះបង្គោលព្រំដីសម្រាប់កំណាត់ទី២នេះ មានចំនួន ១៧៦៥បង្គោល បានបញ្ចប់ជាស្ថាពរ និងទទួលបានការឯកភាពពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើផែនទីកំណត់និយាមកាផ្លូវការនៃតម្រាយផ្លូវរបស់គម្រោងនេះ និងបានបញ្ចប់ការពិនិត្យវាស់វែងក្បាលដីដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា។ ជាលទ្ធផលរាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយទំហំផលប៉ះពាល់នៃគម្រោងមកនៅត្រឹម ២១៦,៩៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសបានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវសុក្រឹតភាពខ្ពស់លើការកំណត់ទីតាំងនិយាមកា ព្រមទាំងមានការពិភាក្សាបន្ថែមជាបន្តបន្ទាប់ លើករណីពិនិត្យឃើញ មានផលប៉ះពាល់ក្នុងពេលអនុវត្តការងារជាក់ស្តែង។
ក្រៅពីការគិតគូរអំពីបច្ចេកទេសសាងសង់ និងធ្វើប្រតិបត្តិការគម្រោង ក្រុមការងារបច្ចេកទេសក៏បានរៀបចំផែនការមេអភិវឌ្ឍន៍ច្រករបៀងខ្សែក្រវ៉ាត់សេដ្ឋកិច្ចហ្វូណនតេជោ សំដៅប្រែក្លាយតំបន់នៅអមសងខាងព្រែកជីក ឱ្យក្លាយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ តំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញទេសចរណ៍ ដែលនាំមកនូវឱកាសជាយុទ្ធសាស្ត្រថ្មីសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម នាពេលអនាគត។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មហាសាលពីគម្រោងប្រវត្តិសាស្រ្តនេះ ដូចជា៖ ១) ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, ២) លើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ តាមរយៈការកាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣) កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥) បង្កើតឱ្យមានបណ្តាញ និងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើតបានជាជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេសផ្តល់ទិន្នផលត្រីជាមធ្យមប្រមាណ ១០០០តោនក្នុងមួយឆ្នាំ) ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋរស់នៅអមសងខាងព្រែកអាចបង្កើតមុខរបរថ្មីៗនិងអាស្រ័យផលជាប្រចាំ, ៦) ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ៧) ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ៧,៦៨៨នាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង៨) ផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។
ជាងនេះទៀត បន្ទាប់ពីគម្រោងបានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗបន្ថែមទៀតក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូចជាអាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញព្រែកជីក ក៏អាចជួយធ្វើឱ្យតំបន់នេះមានភាពទាក់ទាញសម្រាប់វិនិយោគ និងទេសចរណ៍បង្កើនការតភ្ជាប់រវាងតំបន់និងជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាពផងដែរ៕

























