ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាមាតាបង្កើតរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១:១២ នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូក្រសួងទេសចរណ៍ សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យ ព្រោះថាការបាត់បង់ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវ អ្នកម្តាយបង្កើត អ្នកម្តាយក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ដល់កូនចៅឱ្យក្លាយជាបុគ្គលល្អក្នុងសង្គមជាតិ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ឆ្នើមមួយរូប ដែលបានរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ៕











