សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះបានថ្លែងថា ដើម្បីសម្រាលបន្ទុកចំណាយ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើវិបត្តិនៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដោយធ្វើការបញ្ចុៈអត្រាពន្ធ និងអាករលើប្រេងឥន្ធន ឧបករណ៍អគ្គិសនី យានយន្តអគ្គិសនីជាដើម ដោយការអន្តរាគមន៍នេះ ធ្វើឱ្យរាជរដ្ឋាភិបាលបាត់ចំណូល ៥០លានដុល្លារក្នុងមួយខែៗ។
បន្ថែមពីនេះ អគ្គិសនីកម្ពុជា ដែលជាសហគ្រាសរបស់រដ្ឋ បានចេញខាតប្រាក់ចំនួន ៣៥លានដុល្លារហើយ ដើម្បីធានាមិនដំឡើងថ្លៃអគ្គិសនីចំពោះប្រជាពលរដ្ឋ ក្នុងគ្រាមានវិបត្តិថាមពលនេះ។
ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នៅស្រុកបូរីជលសា នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «រឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារការកើនឡើងតម្លៃប្រេង រាជរដ្ឋាភិបាលមិនដែលមិនបានគិត មិនដែលមិនបានធ្វើទេ ក្រសួងសេដ្ឋកិច្ចបានដាក់វិធានការដោយស្ងៀមស្ងាត់ តាមរយៈការឧបត្ថម្ភធន តាំងពីជំហ៊ានដំបូង។ បន្ទាប់មកយើងចាប់ផ្តើមបញ្ចុះអត្រាពន្ធប្រេងនាំចូល អាករពិសេសលើសម្ភារៈអគ្គសិនី យានយន្តអគ្គិសនីចុះមកសូន្យ។ ក្នុងដំណាក់កាលដ៏លំបាកនេះ មកដល់ពេលនេះ ក្នុង១ខែរដ្ឋត្រូវថយចំណូល ៥០លានដុល្លារ តាមរយៈការបន្ថយអាករពិសេស និងពន្ធ។ បន្ថែមលើនេះ អគ្គិសនីកម្ពុជា ដើម្បីធានាមិនដំឡើងថ្លៃអគ្គិសនី បានចេញខាតប្រាក់ ៣៥លានដុល្លារហើយ»។
សូមជម្រាបថា ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ រដ្ឋាភិបាល់បានធ្វើអន្តរាគមន៍ដូចជា៖
១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ
២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល
៣. ពន្ធគយ ០ (សូន្យ) ដុល្លារ
៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹងប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត។
បន្ថែមពីនេះនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖
១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ
២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ
៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ
៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ
៥- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។
សូមជម្រាបថា ការបញ្ចុះអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញទាំងអស់នេះ គឺរាជរដ្ឋាភិបាលធ្វើ ដើម្បីសម្រាលបន្ទុកចំណាយរស់ប្រជាពលរដ្ឋ ខណៈស្ថានភាពនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងហ្គាសកើនឡើងខ្ពស់៕



























































