សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា រាជរដ្ឋាភិបាលថៃថ្មី នឹងរៀបចំក្រុមការងារ JBC និងពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា


សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថៃ ដែលទើបបង្កើតឡើងជាផ្លូវការថ្មីៗនេះ នឹងរៀបចំក្រុមការងារ JBC និងពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចបានតាមដាននូវគោលនយោបាយរបស់រដ្ឋាភិបាលថ្មីរបស់ថៃ ដោយបានបង្ហាញថា ថៃក៏ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ដែរ ហើយមិនចង់ឱ្យមានសង្គ្រាមជាលើកទី៣ឡើយ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នៅព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី បានរំលឹកអំពីចំណុចទី៣ នៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ GBC ដោយបញ្ជាក់ថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួម មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌព្រំដែន ឬព្រំដែនអន្តរជាតិ ប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរ បានប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង»។

សម្តេចបានលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថា (ថៃ)មិនភរទេ បើភរសរសេរ(គោលនយោបាយ) ធ្វើអី? ចំណុចទី២ ទាំងទាហានទាំងអី បានគោរពនូវ ​Joint Statement»។ ជាមួយគ្នានេះ សម្តេចក៏បានណែនាំឱ្យ លោក ស្វាយ ស៊ីថា ប្រធានក្រុមការងារប្រតិកម្មរហ័ស ផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឡើងវិញ

សម្តេចបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលថៃ នឹងរៀបចំក្បាលម៉ាស៊ីន JBC និងចាត់តាំងអនុវត្តឱ្យស្របតាមស្មារតី នៃកិច្ចព្រមព្រៀង ថ្ងៃទី២៧ ខែធ្នូ ស្របតាមយន្តការដែលមានស្រាប់ គឺ JBC ដើម្បីដោះស្រាយ ហើយនេះជាអភិក្រមដែលយើងប្រកាន់យក​នូវជម្រើសទ្វេភាគី ទាល់តែដោះអស់បុកថ្មលែងទៅមុខហើយ បានយើងរកវិធីសាស្ត្រថ្មី បើនៅតែ ១ភាគរយ ក៏យើងនៅតែរុលទៅមុខ ហើយព្យាយាមពង្រីកឱ្យទៅជា១០០ភាគរយ ដើម្បីសម្រេចការដោះស្រាយ»។

សូមបញ្ជាក់ថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើក ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង។

ក្នុងកំណត់ទូតលើកចុងក្រោយគេ កាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕