សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវទឹកប្រវត្តិសាស្ត្រ។ ផ្លូវទឹកប្រវត្តិសាស្រ្ត ដែលយកលំនាំផ្លូវពាណិជ្ជកម្ម តាមដូនតាជំនាន់មុន នឹងធ្វើឲ្យខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើគ្រប់វិស័យ។ សម្ដេចថ្លែងបែបនេះនៅក្នុងឱកាសដែលសម្ដេច និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា គោលដៅធំនៃគម្រោងនេះគឺ ដើម្បីលើកស្ទួយកិត្តិយស លើកស្ទួយសមត្ថភាពរបស់ជាតិយើង លើកស្ទួយជីវភាពរបស់ប្រជាជនបានរីកចម្រើន និងធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ នេះហើយគឺជាគោលដៅនៃការកសាងព្រែកជីកនេះ។ បើតាមសម្ដេចព្រែកជីកហ្វូណនតេជោ មិនមែនគ្រាន់តែបញ្ជាក់ពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ប៉ុន្តែក៏ជាការបង្ហាញពីពីការយកលំនាំផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមដូនតាជំនាន់មុនផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ពិតណាស់ព្រែកជីក មានប្រវត្តិសាស្រ្តពីដើមដែលនៅទីនេះអង្គរបុរី ក៏ជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មពីមុន អញ្ចឹងការកសាងព្រែកជីកនេះក៏ដើរតាមលំនាំ ពីជំនាន់មុន ដែលខាងពាណិជ្ជកម្មរបស់យើង បានប្រទាក់ក្រឡាជាមួយពិភពលោកតាមរយៈផ្លូវទឹកផងដែរ។ ដូចនៅអូរកែវ អតីតផែធំ ហើយមានឆ្លងកាត់តាមអង្គរបុរីនេះ អញ្ចឹងការកសាងនេះគឺជាការពង្រីកបន្ថែមយកលំនាំតាមដូនតាយើង បានឃើញសក្កដានុពលនៅទីនេះ ហើយក៏យើងកូនចៅជំនាន់ក្រោយ បានកសាង និងបន្តកសាងតទៅទៀត ទិសដៅយ៉ាងណាគឺធ្វើឲ្យខ្មែរយើងកាន់តែរឹងមាំ ភាពម្ចាស់ការនៅក្នុងការធានានូវជីវភាពរស់នៅ និងសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាម្ចាស់ការលើគ្រប់វិស័យ។ ការផ្ដល់នូវសារៈសំខាន់មិនថាផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ដែលជាគោលដៅមួយ ជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ច្រើនអាណត្តិមកនេះ គឺមានចក្ខុវិស័យម្ចាស់លាស់នៅក្នុងការបង្កើន នូវសមត្ថភាព ឯករាជ្យភាព ក៏ដូចជាភាពម្ចាស់ការនៅក្នុងការបង្កើនកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន»។
ជាការកត់សម្គាល់ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រវែងជិត ១៨០គីឡូម៉ែត្រ ហើយគ្រោងចំណាយ ១,៧០០លានដុល្លារអាមេរិក ប្រើពេលសាងសង់៤ឆ្នាំ និងបញ្ចប់នៅឆ្នាំ២០២៨ខាងមុខ។ តាមការសិក្សាគម្រោងនេះនឹងកាត់បន្ថយរយៈពេល-ចម្ងាយ និងតម្លៃដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម អភិវឌ្ឍផែរណប ពង្រីកតំបន់កសិកម្ម និងបង្កើតការងារបន្ថែម ព្រមទាំងជួយរំដោះជំនន់ទឹកភ្លៀង និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តអនុវត្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយមានទុនវិនិយោគភាគច្រើនជារបស់ខ្មែរ និងមួយផ្នែកទៀតមកពីក្រុមហ៊ុនវិនិយោគចិន CRBC ៕



















































































