ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២


នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។

ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី​នៃ​ខេត្ត​តា​កែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ​ក្រុម​​ហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។

គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់​គ្រង​ធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិ​សាស្ត្រ​តភ្ជាប់​ផ្លូវ​ទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់​សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីថ្ងៃប្រកាសបើកជាផ្លូវការជាងមួយឆ្នាំមក គម្រោងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់​ទៅ​​តាម​ផែនការនៃគម្រោងរហូតឈានដល់ការបើកការដ្ឋានសាងសង់នៅដំណាក់កាល​ទី​២ ដែលជាដំណាក់កាលដ៏សំខាន់នៃគម្រោង។

យោងតាមរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ​ហ្វូណន​តេជោ មានប្រវែងសរុប ១៧២,៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាល​សម្រេច​ធ្វើការបែង​ចែក​ជា ២កំណាត់​ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជា​ដៃ​គូ​​រវាងរដ្ឋ និងឯកជន។

ផ្លូវទឹកកំណាត់ទី១៖ មានប្រវែង​ ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់​ព្រែក​ពោធិ៍នៃទន្លេបាសាក់ បាន​ប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ​បច្ចុប្បន្ន​​​ផ្លូវទឹក​កំណាត់ទី១នេះ សម្រេចបានវឌ្ឍនភាពការងារសំខាន់ៗ​ដូច​ជា បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះ​បង្គោល​​ព្រំដីចំនួន១៥៥ ដោយទទួលបាន​ការឯកភាពរួចរាល់ពីសម្តេចធិបតីនាយក​រដ្ឋ​មន្ត្រី។ ផ្លូវទឹកកំណាត់ទី១នេះ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់​ ក្នុង​នោះ ក្រុមការងារជំនាញ បានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់ ដោយគ្រោង​ចំណាយ​ថវិកាដោះស្រាយ​ប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។

ផ្លូវទឹកកំណាត់ទី២៖ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែង​សរុប ១៥១,៦​គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុក​កោះ​ធំ និងបន្តរហូតដល់​សមុទ្រខេត្តកែប ឆ្លង​កាត់ភូមិ​សាស្រ្ត ​​​​​​ខេត្ត​ចំនួន៤ រួមមាន ខេត្ត​កណ្តាល ប្រវែង ៣៣គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៥៣គីឡូម៉ែត្រ ខេត្តកំពត ប្រវែង ៤៨,៧គីឡូម៉ែត្រ និងខេត្តកែប ប្រវែង១៦,៩គីឡូម៉ែត្រ។ គម្រោងនេះ​មានជម្រៅទឹក​ប្រមាណ ៤,៧ម៉ែត្រ (ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូ​នៃកម្រិត​កម្ពស់​ទឹក​ដែលទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់​ទន្លេ​មេ​គង្គ និងសមុទ្រ) ទទឹងផ្លូវទឹក ៦០ម៉ែត្រ កាំកំណោង​​អប្បបរមា ៥៨០ម៉ែត្រ និងមាន​គន្លង​នាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យប្រភេទ​នាវាមានទម្ងន់ផ្ទុក​រហូត​ដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើនាវាចរណ៍និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងត្រូវសាងសង់នៅលើ​តម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់ ប្រវែង ៣៨,៦គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ១១៣គីឡូម៉ែត្រ ក្នុងនោះផ្លូវទឹកជីកតម្រង់កុំឱ្យ​កោង​ខ្លាំងប្រវែង ៥,៥គីឡូម៉ែត្រ និងការសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ២កន្លែង ដែល​ស្ថិតនៅខេត្តតាកែវ និង​ខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព​ក្នុងការទប់ស្កាត់​ការជ្រៀត​ចូលនៃទឹក​ប្រៃ​ទៅ​ក្នុងបណ្តាញផ្លូវទឹកសាបប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រម​ទាំងការសាងសង់ស្ពានចំនួន ៦​កន្លែង ទីតាំងបោះយុថ្កាចំនួន ៥កន្លែង បំពង់បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩កន្លែង ទ្វារទឹកចំនួន ៦៩កន្លែង​ ការបំពាក់​សញ្ញា​ជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗបន្ថែមទៀត។

គម្រោងនេះគ្រោងនឹងបញ្ចប់​នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគ​ប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុម​ហ៊ុន​​ក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១ភាគរយ និងក្រុមហ៊ុនវិនិយោគ​របស់​ប្រទេសចិន ចំនួន ៤៩ភាគរយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា បច្ចុប្បន្នការងារបោះ​បង្គោល​ព្រំដីសម្រាប់កំណាត់ទី២នេះ មានចំនួន ១៧៦៥បង្គោល បានបញ្ចប់​ជាស្ថាពរ និងទទួលបានការឯកភាពពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើផែនទីកំណត់​និ​យាមកាផ្លូវការនៃតម្រាយផ្លូវរបស់គម្រោងនេះ និងបានបញ្ចប់​ការពិនិត្យវាស់វែង​ក្បាល​ដី​ដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា។ ជាលទ្ធផលរាជរដ្ឋា​ភិបាល​បានសម្រេចកាត់បន្ថយទំហំផលប៉ះពាល់នៃគម្រោងមកនៅត្រឹម ២១៦,៩៧លាន​ដុល្លារ​អាម៉េរិក។ ជាមួយគ្នានេះ ក្រុមការងារ​បច្ចេកទេសបានបំពេញ​ភារកិច្ចយ៉ាងយកចិត្ត​ទុក​ដាក់ និងធានាបាននូវសុក្រឹតភាពខ្ពស់លើការកំណត់ទីតាំង​និយាម​កា ព្រមទាំងមាន​ការ​ពិភាក្សា​បន្ថែមជាបន្តបន្ទាប់ លើករណីពិនិត្យឃើញ មានផលប៉ះពាល់ក្នុងពេល​អនុវត្ត​ការ​ងារ​ជាក់ស្តែង។

ក្រៅពីការគិតគូរអំពីបច្ចេកទេស​សាងសង់ និងធ្វើប្រតិបត្តិការគម្រោង ក្រុមការងារ​បច្ចេក​ទេស​​ក៏បាន​រៀបចំផែនការមេអភិវឌ្ឍន៍ច្រករបៀងខ្សែក្រវ៉ាត់សេដ្ឋកិច្ច​ហ្វូណន​តេជោ សំដៅ​ប្រែក្លាយ​តំបន់នៅអមសងខាងព្រែកជីក​ ឱ្យក្លាយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ តំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញទេសចរណ៍​ ដែលនាំមកនូវ​ឱកាស​ជាយុទ្ធសាស្ត្រថ្មីសម្រាប់ការរីកចម្រើន​​សេដ្ឋកិច្ច និងសង្គម នាពេលអនាគត។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត​ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មហាសាលពី​គម្រោង​ប្រវត្តិសាស្រ្តនេះ ដូចជា៖ ១)​ ពង្រឹង​នូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជា​លើការដឹកជញ្ជូនតាមផ្លូវទឹក, ២) លើកកម្ពស់ប្រសិទ្ធភាព​ខ្សែច្រវាក់ផលិតកម្ម និងការ​ផ្គត់​ផ្គង់​ តាមរយៈការកាត់បន្ថយថ្លៃដើម ​ចម្ងាយ និង​ពេលវេលានៃការដឹកជញ្ជូន ​និង​ងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣) កាត់បន្ថយ​ការ​បំភាយ​​​ឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥) បង្កើត​​​ឱ្យមានបណ្តាញ និងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើត​បានជាជម្រក​ថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេស​ផ្តល់ទិន្នផល​ត្រី​ជាមធ្យមប្រមាណ ១០០០តោនក្នុងមួយឆ្នាំ) ដែលផ្តល់​លទ្ធភាព​ដល់ប្រជាពលរដ្ឋ​រស់នៅអមសងខាងព្រែកអាចបង្កើតមុខរបរថ្មីៗនិងអាស្រ័យផលជាប្រចាំ, ៦) ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់ និង​​គ្រោះរាំងស្ងួតជាអតិបរមាសម្រាប់​ខេត្ត​ភាគ​ខាងកើត និងភាគនិរតី​របស់​កម្ពុជា, ៧) ផ្ដល់ឱកាស​ការងារដល់ប្រជាពលរដ្ឋ​ប្រ​មាណ ៧,៦៨៨នាក់ សម្រាប់ចូលរួម​ដំណើរការ​សាងសាង់ព្រែកជីក​នេះ និងអាច​បង្កើត​ការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង៨) ផ្តល់អត្រាផល​ចំណេញ​សេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

ជាងនេះទៀត បន្ទាប់ពីគម្រោងបានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត​ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន​នៅ​តាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូច​ជាអាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ហើយការអភិវឌ្ឍ​ហេដ្ឋា​​រចនាសម្ព័ន្ធជុំវិញព្រែកជីក ក៏អាចជួយធ្វើឱ្យតំបន់នេះមានភាពទាក់ទាញសម្រាប់​វិនិ​យោគ និងទេសចរណ៍បង្កើនការតភ្ជាប់រវាងតំបន់និងជំរុញការរីកចម្រើន​សេដ្ឋកិច្ច​ជាតិ​ឱ្យមានចីរភាពផងដែរ៕