សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការជជែកទ្វេភាគីជាមួយថៃ នៅតែជាជម្រើសមួយសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមកងទ័ព និងប្រជាជនស្លូតត្រង់។
ការគូសបញ្ជាក់បែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដំណោះស្រាយដំបូងដែលត្រូវប្រកាន់យក គឺការដោះស្រាយតាមផ្លូវច្បាប់សដោយសន្តិវិធី ដើម្បីចៀសវាងបបង្ហូរឈាម ដោយមានជម្រើសជាច្រើន ក្នុងនោះមានយន្តការទ្វេភាគី ដោយផ្អែកទៅលើច្បាប់ សន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ មិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ យកទឹកដី។ ប៉ុន្តែ ផ្ទុយទៅវិញយកសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់សម្រាប់ដោះស្រាយញ្ហាព្រំដែន និងយន្តការតំបន់មានអាស៊ាន យន្តការអន្តរជាតិជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាល់ជម្រើសទាំងអស់ គឺកម្ពុជា មិនទាន់បិទទ្វារនោះទេ ពោលជម្រើអ្វីក៏ដោយ ឱ្យតែជួយដល់កម្ពុជា ទាមទារ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី គឺកម្ពុជានឹងខិតខំប្រឹងជ្រើសរើសទាំងអស់ ដែលមិនធ្វើឱ្យកម្ពុជាបង្ហូរឈាមតទៅទៀត ទោះបីមានរយៈពេលយូរបន្តិចក៏ដោយ និងតឹងទ្រូងបន្តិច ប៉ុន្តែ ត្រូវតែខិតខំអត់ធ្មត់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាជម្រើសការទូត និងផ្លូវច្បាប់ មិនទាន់បិទ គឺរាជរដ្ឋាភិបាលនៅតែខិតខំប្រើប្រាស់ជម្រើសមិនបង្ហូរឈាមឱ្យអស់ពីលទ្ធភាព។ សម្តេច យល់ច្បាស់ពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដោយបានមើលឃើញភាគីថៃ ធ្វើសកម្មភាពនៅទីតាំងដែលចូលកាន់កាប់ ប៉ុន្តែ បងប្អូនឈឺចាប់ប៉ុណ្ណា បងប្អូនបារម្ភប៉ុណ្ណា ប៉ុន្តែ បញ្ហានេះរាជរដ្ឋាភិបាល ជាអ្នកដោះស្រាយមានការឈឺចាប់គុណនឹង១០ដង ក៏ប៉ុន្តែ យើងមិនអាចធ្វើអ្វីតាមចិត្តក្តៅនោះទេ និងតែមួយជ្រុងនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវបច្ចុប្បន្ន យើងជ្រើសរើសដំណោះស្រាយចរចាការទូត ផ្លូវច្បាប់ ដោយអាទិភាពទី១ គឺដំណោះស្រាយទ្វេភាគី […] ចុះហេតុអ្វី បានជាយើងមកដោះស្រាយបបញ្ហាដោយទ្វេភាគី ខ្ញុំសូមបញ្ជាក់ថា យន្តការទ្វេភាគីនេះ ទី១៖ គឺជាផ្នែកមួយនៃយន្តការដោះស្រាយដោយការទូត និងច្បាប់ គឺជាជម្រើសដែលឱ្យយើងចៀសផុតពីការបង្ហូរឈាមឡើងវិញ របស់កងទ័ព និងប្រជាជនយើង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ច្រកចរចានៅតែអាចប្រើប្រាស់បាន គឺរាជរដ្ឋាភិបាលនៅតែបន្តប្រើប្រាស់ ដើម្បីកុំឱ្យផ្ទុះអាវុធម្តងទៀត។ ចំពោះជម្រើជជែកទ្វេភាគីនេះ ជាជម្រើសលឿនបំផុត ខណៈយន្តការផ្សេងទៀតអាចប្រើប្រាស់រាប់ខែ ឬអាចរាប់ឆ្នាំ ដូច្នេះ មានតែជម្រើសបបួលគ្នាមកអង្គុយទល់មុខដើម្បីចរចានោះទេ ទើបអាចរកដំណោះស្រាយបានលឿន។
បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើសិនភាគីទាំងពីរ មានភាពស្មោះត្រង់នោះ បញ្ហាវានឹងត្រូវដោះស្រាយ គឺងាយស្រួលបញ្ចប់ពីព្រោះយើងមានយន្តការស្រាប់ទៅហើយ។ សម្រាប់យន្តការដែលមានស្រាប់ គឺភាគីទាំងពីរ បានធ្វើការរួមគ្នាជាង២០ឆ្នាំមកហើយ ខណៈការដោះស្រាយតាមរយៈយន្តការដែលមានស្រាប់នេះ បានបន្សល់នូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសទាំងពីរកម្ពជា-ថៃ។ ជាក់ស្តែងបង្គោលព្រំដែនចំនួន៧៤បង្គោល ភាគីទាំងពីរ បានឯកភាពគ្នាបានចំនួន ៤៣បង្គោលទៅហើយ។
សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែសង្កត់ធ្ងន់ថា ការដោះស្រាយតាមរយៈយន្តការទ្វេភាគី ជាដំណោះស្រាយដ៏ល្អ ហើយកម្ពុជា មិនមានចេតនាណាមួយចង់រំលោភបំពានទឹកដីប្រទេសជិតខាងនោះទេ ក៏ប៉ុន្តែ កម្ពុជា ក៏មិនអនុញ្ញាតឱ្យអ្នកជិតខាងរំលោភមកលើដែនអធិបតេយ្យភាពរបស់ខ្លួននោះដែរ។ ដូច្នេះ ការប្រើប្រាស់យន្តការទ្វេភាគី ដើម្បីវាស់វែងកំណត់ព្រំដែនគ្នាឱ្យបានច្បាស់លាស់ ដោយផ្អែកទៅលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងផែនទីដែលមានស្រាប់ ដែលបន្សល់ទុកពីសម័យអាណានិគម។
«ការដោះស្រាយន្តការទ្វេភាគី ជាជម្រើសអាទិភាពទី១ ដែលប្រើប្រាស់នៅពេលនេះ ដរាបណាគ្មានសញ្ញាណាថាយន្តការទ្វេភាគីនេះ ត្រូវងាប់ ឧទាហរណ៍គេលុបចោល គេឈប់ប្រើដោះលែងរួច យើងនៅតែប្រើវាដើម្បីដោះស្រាយបញ្ហាទោះបីពេលខ្លះវាយឺតក៏ដោយ តែវាប្រសើរជាងអត់លទ្ធផល បើវ៉ៃគ្នានៅតែបន្តឱ្យមនុស្សស្លាប់ ហើយលែងទុកចិត្តគ្នានេះជាបញ្ហា»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។



















































































