សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ បានសម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅ ជាមួយប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានបាត់បង់ផ្ទះសម្បែងដោយសារសង្គ្រាមឈ្លានពាន និងបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលទុកប្រជាពលរដ្ឋចោលឡើយ ហើយបាននិងកំពុងដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នៅលើទឹកដី នៃខេត្តតាកែវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឃើញការបង្ហោះតាមហ្វេសបុក ផ្ទះចាស់បងប្អូនកសាង២០ទៅ៣០ឆ្នាំ ជាតម្លៃនៃការខិតខំពីញើសឈាម ផ្ទះថ្មីសាងសង់ ក្នុងរយៈពេលប៉ុន្មានខែ។ ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំជាជំហានៗ ដើម្បីដោះស្រាយ ដូចដែលខ្ញុំធ្លាប់បានលើកឡើងសម្រាប់ប្រជាជនភៀសសឹកមាន៣ដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវធ្វើភ្លាម ដើម្បីសង្គ្រោះជីវិត»។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្ទះថ្មីមិនអាចជំនួសតម្លៃផ្ទះចាស់ ដែលប្រជាពលរដ្ឋបានខិតខំសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ដោយញើសឈាមរបស់ខ្លួនបានឡើយ ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាជាបន្តបន្ទាប់ និងឆាប់រហ័សតាមស្ថានភាពជាក់ស្តែង។ ដោយពេលភ្លាមៗ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយជនភៀសសឹក ជា៣ដំណាក់កាលសំខាន់ៗ រួមមាន៖
*ទី១៖ ការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ដើម្បីសង្គ្រោះជីវិតជាអាទិភាព ដោយផ្តល់ជូនទីជំរកបណ្តោះអាសន្ន ទឹកស្អាត និងអាហារ ដើម្បីធានាថាមានសុវត្ថិភាព និងជីវភាពអប្បបរមា
*ទី២៖ ការរៀបចំលក្ខខណ្ឌរស់នៅឲ្យប្រសើរឡើង ដោយមានការតំឡើងតង់មានរចនាសម្ព័ន្ធល្អ មានខ្យល់លំហូរ និងបង្គន់អនាម័យ ដើម្បីធានាសុខភាព និងអនាម័យ
*ទី៣៖ ដំណាក់កាលស្ដារឡើងវិញ ដោយផ្តោតលើការសាងសង់ផ្ទះសម្បែង និងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយស្ថិរភាព និងផាសុខភាពជូនប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការយល់ឃើញថា ប្រជាពលរដ្ឋមិនអាចរស់នៅក្នុងតង់ ឬពឹងផ្អែកលើជំនួយរយៈពេលវែងបានឡើយ ដូច្នេះរាជរដ្ឋាភិបាលបានខិតខំសាងសង់ផ្ទះជាច្រើនពាន់ខ្នង ដើម្បីឲ្យប្រជាពលរដ្ឋអាចស្នាក់នៅបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយការសាងសង់នេះត្រូវបានជំរុញឲ្យមានល្បឿនលឿនជាងគម្រោងមុនៗផងដែរ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន សម្តេចបានអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងមិនភ្លេចប្រជាពលរដ្ឋណាម្នាក់ឡើយ ទោះបីជាក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីក៏ដោយ ដោយការខិតខំដោះស្រាយបញ្ហាជូនជនភៀសសឹក នឹងបន្តអនុវត្តជាជំហានៗ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានជីវភាពល្អប្រសើរឡើងវិញ។
ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់វីរៈយុទ្ធជន និងវីរៈនគរបាលជាតិ កងរាជអាវុធហត្ថ ដែលបានធ្វើពលីកម្មដើម្បីការពារបូរណភាពទឹកដី និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារសន្តិសុខជាតិ។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តភារកិច្ចការពារជាតិ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕



















































































