សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនបានជាប់គាំងនោះទេ គឺនៅតែបន្តដំណើរការទៅតាមផែនការដែលបានគ្រោងទុក ខណៈដែលព្រែកជីកនេះពេលសាងសង់រួចនឹងផ្តល់គុណតម្លៃដ៏ធំធេងសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រែកជីកហ្វូណននេះ យើងឃើញធ្វើការសម្ពោធបើកការដ្ឋានកំណាត់ទី១ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឥលូវបើកកំណាត់ទី២ ដែលមានអ្នកខ្លះថា គាំហើយគម្រោងព្រែកជីកនេះ កាពិតគឺអត់ទេយើងបានធ្វើការជាប្រចាំ និងការដោះស្រាយជាប្រចាំ, បើសួរថាស្រួលទេ? គឺមិនស្រួលនោះទេ យើងមានបញ្ហាប្រឈម»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដោយបានជួយកែរប្រែកន្លែងដែលធ្លាប់ជាដីកប់នៅខាងក្នុងចោលឆ្ងាយពីផ្លូវ ក្លាយជាមុខមួយនៃផ្លូវទឹក និងជាតំបន់ឧស្សាហកម្ម ពេលការសាងសង់ព្រែកជីកហ្វូណនតេជោនេះរួចរាល់, នៅតាមបណ្តោយព្រែកជីកនេះនឹងមានការរៀបចំជាមជ្ឈមណ្ឌលភស្តុភារកម្ម ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋ ដើម្បីជួយកែរប្រែជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ដែលមិនមែនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រ និងដើរតាមគន្លងដូនតាយើង ដែលយកភូមិសាស្ត្រព្រែកជីកនេះជាកម្លាំងសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មនោះទេ ប៉ុន្តែយើងបានធ្វើតាមបច្ចេកវិទ្យាថ្មីដើម្បីអនាគតនៃការឯករាជ្យ និងភាពម្ចាស់ការក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេសគ្រប់មធ្យោបាយ ទាំងផ្លូវគោក និងផ្លូវទឹក។
យោងតាមប្រភពព័ត៌មានពី Fresh AI បានបញ្ជាក់ឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៧២.៦គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ។ គម្រោងនេះប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះក៏ជួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ក៏ដូចជាការបង្កើនប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ការជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ការជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការពង្រីកវិស័យអចលនទ្រព្យ ព្រមទាំងការវិនិយោគផ្សេងៗទៀត៕



















































































