សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់សាធារណរដ្ឋបារាំង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មិនបានស្នើសុំឲ្យបារាំងកាន់ជើងលើបញ្ហាជម្លោះព្រំដែនជាមួយប្រទេសនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យបារាំងផ្ដល់នូវភាពយុត្តិធម៌ និងស្របទៅតាមច្បាប់អន្ដរជាតិដល់កម្ពុជាលើបញ្ហានេះ។
ការអះអាងរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីបែបនេះ ធ្វើឡើងបន្ទាប់ពីមានការចោទសួរទៅកាន់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងការវិភាគមួយចំនួននៅតាមបណ្ដាញសង្គម ក្រោយសម្ដេចបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសបារាំង។
ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមមកទល់ពេលនេះ គឺដោះស្រាយតាមយន្ដការច្បាប់ ដូច្នេះសុំតែភាពត្រឹមត្រូវតាមច្បាប់ ហើយមិនសុំឲ្យបរទេសកាន់ជើងឡើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនទៅសុំប្រទេសណាឲ្យមកកាន់ជើងខ្ញុំទេ ខ្ញុំសុំឲ្យគេកាន់ជើងយុត្តិធម៌ និងច្បាប់ ព្រោះនេះជាអ្វីដែលកម្ពុជាចង់បាន។ កម្ពុជាមិនអាចទៅយកមហាអំណាចឲ្យកៀបគេអត់ទេ ត្រូវប្រើច្បាប់ ប្រើសន្ធិកសញ្ញា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដោះស្រាយតាមយន្ដការដែលមានស្រាប់ សុំឲ្យជំរុញភាគីទាំងអស់ឲ្យគោរពតាមច្បាប់ នេះហើយជាការជួយកម្ពុជា ព្រោះនេះជាជំហរកម្ពុជា»។
សម្ដេចមហាបវរធិបតី បានបន្ដទៀតថា «យើងទៅពន្យល់ បង្ហាញអំពីស្ថានភាពជាក់ស្ដែង ការកាន់កាប់ជាក់ស្ដែងហួសព្រំដែន មានការសាងសង់សំណង់លើដីខ្មែរ រូបព្រះពុទ្ធ យើងទៅពន្យល់គាត់ (ប្រធានាធិបតីបារាំង) អត់បង្កាច់បង្ខូចទេ មានភ័ស្ដុតាង ប៉ុន្ដែអ្វីដែលស្នើសុំ គឺស្នើសុំគាត់ (ប្រធានាធិបតីបារាំង) ជួយជំរុញការអនុវត្ត និងគោរពច្បាប់អន្ដរជាតិ។ បើច្បាប់នេះដាក់ហើយ កាត់ក្ដីថា កម្ពុជាខុស កម្ពុជាទទួល ប៉ុន្ដែបើកម្ពុជាមិនខុស ភាគីផ្សេង (ថៃ) គឺត្រូវទទួលដូចគ្នា យើងសុំតែប៉ុណ្ណឹង»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្នុងជំនួបជាមួយប្រធានាអេម៉ានុយអែល ម៉ាក្រុង កម្ពុជាបានបង្ហាញអ្វីដែលជាការពិតជាក់ស្ដែង ភ័ស្ដុតាង ដោយមិនបានមូលបង្កាច់ខុសពីការពិតនោះទេ ព្រោះកម្ពុជាចង់បាននូវភាពយុត្តិធម៌ស្របតាមច្បាប់តែប៉ុណ្ណោះ។
សូមរំលឹកថា តាមរយៈខ្លឹមសារជំនួបរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលបានបង្ហាញដោយលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី គឺសម្ដេចធិបតី បានលើកឡើងពីការពិត អំពីព្រំដែនកម្ពុជា-ថៃ ដោយមិនបំផ្លើសហួសការពិត ហើយមិនបង្រួញឲ្យតូចជាងការពិតទេ ក្នុងនោះ៣ចំណុចសំខាន់ៗ៖
ទី១៖ ភាពតាងតឹងកំពុងបន្ដគ្របដណ្តប់តាមព្រំដែន កម្ពុជា-ថៃ ដោយសារកងទ័ពថៃ បានចូលជ្រៅហួសព្រំដែនស្របច្បាប់ មកចូលក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោយខុសច្បាប់អន្ដរជាតិ មិនទាំងប៉ុណ្ណោះកងទ័ពថៃ បានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា និងរារាំងពលរដ្ឋរាប់ម៉ឺននាក់ មិនឱ្យមានលទ្ធភាពទៅកាន់ផ្ទះវិញ។
ទី២៖ ដាច់ខាតកម្ពុជាមិនទទួលឡើយ នូវស្ថានភាពនូវការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីជាថៃ បានឈ្លានពានយកទឹកដីកម្ពុជា ក៏ទឹកដីទាំងនោះ នៅតែជាកម្មសិទ្ធស្របច្បាប់របស់កម្ពុជា។
និងទី៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រធានាធិបតីបារាំងថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា៕



















































































