នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងទឹកចិត្តក្តុកក្តួល និងរំជួលចិត្តឥតឧបមា ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួតជាទីគោរពស្រលាញ់បំផុតដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូដ៏ល្អប្រពៃមួយរូបចំពោះបុត្រធីតា និងចៅៗ ជាពិសេសជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា សមានចិត្តដ៏សប្បុរសល្អប្រពៃ សទ្ធាជ្រះថ្លាដោយកុសលផលបុណ្យជាគំរូវីរភាពប្រកបដោយក្តីមេត្តាករុណារបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ភួង នឹងស្ថិតនៅជាប់ជានិច្ចនិរន្តរ៍ជាមួយបុត្រធីតា ចៅៗ និងពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់។
សម្តេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទទួលមរណភាព កាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៖១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ៕

















