សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយ របស់នាយឧត្តមសេនីយ៍ ស ថេត


នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធ​សាស​នូ​ប​ត្ថម្ភ​ក៍ ផូ ភួង ដែលជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាល​ជាតិ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែង​ទឹកចិត្តក្តុក​ក្តួល និងរំជួលចិត្តឥតឧបមា ចំពោះមរណភាពរបស់អគ្គមហាឧបា​សិកាពុទ្ធសាសនូ​បត្ថ​ម្ភ​ក៍ ផូ ភួង។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាស​នូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួតជាទីគោរព​ស្រលាញ់​បំផុត​ដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូ​ដ៏ល្អប្រពៃ​មួយរូបចំពោះបុត្រធីតា និងចៅៗ ជាពិសេសជាការបាត់បង់នូវពុទ្ធសាសនិក​មួយរូប​ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធ​សាសនា​នៅប្រទេសកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា សមានចិត្តដ៏សប្បុរសល្អប្រពៃ សទ្ធាជ្រះថ្លាដោយ​កុសល​ផលបុណ្យជាគំរូវីរភាពប្រកប​ដោយក្តីមេត្តាករុណារបស់អគ្គមហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ភួង នឹងស្ថិតនៅជាប់ជានិច្ចនិរន្តរ៍ជាមួយបុត្រធីតា ចៅៗ និងពុទ្ធ​បរិ​ស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់។

សម្តេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់​អគ្គមហា​ឧបា​សិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅចាប់បដិសន្ធិ និងសោយសុខ​ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អគ្គមហាឧបាសិកាពុទ្ធ​សាស​នូ​ប​ត្ថម្ភ​ក៍ ផូ ភួង បានទទួលមរណភាព កាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០២៦ វេលាម៉ោង ១៖១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយ​ជរាពាធ៕