ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថ​ន​ ដឹកនាំក្រុមអាជីវករ​ និងសប្បុរសជន​ នាំយកអំណោយចុះសួរសុខទុក្ខ​ និងជូនដល់វីរកងទ័ពជួរមុខឈរជេីងនៅខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ៖​ ព្រឹកថ្ងៃសុក្រទី១០ខែមេសាឆ្នាំ២០២៥​មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ រដ្ឋលេខាធិការ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារ​ អាជីវករ​សប្បុរសជន​ និងយុវជន​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ ជូនបងប្អូនវីរកងទ័ពជួរមុខខេត្តបន្ទាយមានជ័យ។

​នៅក្នុងឱកាសនោះ​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ជូនដល់បងប្អូនវីរកងទ័ពទាំងអស់គ្នាដែលមានស្មារតីមោះមុតឆន្ទៈស្ម័គ្រស្មោះប្រកបដោយភាពអង់អាចក្លាហានឈរជេីងយ៉ាងរឹងមាំនៅសមរភូមិក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីកម្ពុជាយេីងជានិច្ច។ ជាមួយគ្នានេះក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ជួសមុខឱ្យក្រុមការងារ​ អាជីវករ​ សប្បុរជន​ យុវជន​ និងប្រជាពលរដ្ឋនៅជួរក្រោយ​ សូមសម្តែងនូវការដឹងគុណដោយភាពកត្តញ្ញូមិនអាចបំភ្លេចបានចំពោះវីរភាពមានតម្លៃដ៏ឧដុង្គឧត្តមរបស់បងប្អូនវីរកងទ័ពទាំងអស់​ ហេីយស្មារតីបងប្អូនជួរក្រោយគឺនៅតែគាំទ្របន្តសាមគ្គីភាពនិងត្រៀមខ្លួនគ្រប់ពេលវេលាដេីម្បីចូលរួមការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីជាមួយបងប្អូនវីរកងទ័ពកម្ពុជាយេីង។

ឆ្លេីយតបនឹងទឹកចិត្តសប្បុរសរបស់ក្រុមការងារ​ អាជីវករ​ សប្បុរជន​ យុវជន​ និងប្រជាពលរដ្ឋក្នុងនាមខ្មែរតែមួយ​ លោកឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ បានថ្លែងអំណរគុណដោយក្តីរំភេីបចំពោះឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងលោកជំទាវ​ ដែលបានកៀរគរសប្បុរជនចូលរួមជួយជាគ្រឿងឧបភោគបរិភោគ​ សម្ភារ​ និងថវិកាមួយចំនួនជួយដល់កងទ័ពជួរមុខ។ លោកឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ បានបញ្ជាក់ថានេះមិនមែនជាលេីកទី១ទេ​ដែលឯកឧត្តមបណ្ឌិតនិងលោកជំទាវ​ ព្រមទាំងសប្បុរសជនជួយគាំទ្រស្បៀងនិងសម្ភារនានាដល់កងទ័ពជួរមុខ​ គឺច្រេីនលេីកច្រេីនសារហេីយពោលគឺទាំងក្នុងពេលកំពុងប្រយុទ្ធផ្ទាល់​ និងទាំងមុនទាំងក្រោយពេលប្រយុទ្ធ។ ទាំងនេះជាការបង្ហាញឱ្យឃេីញយ៉ាងច្បាស់អំពីបេះដូងខ្មែរចេះស្រលាញ់គ្នា​ ចេះជួយគ្នា​ និងស្មារតីសាមគ្គីគ្នាគ្រប់ពេលវេលារបស់្របជាជាតិកម្ពុជាស្រលាញ់សន្តិភាព។

​អំណោយដែលឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងក្រុមការងារ​ អាជីវករ​ សប្បុរសជន​ និងយុវជន​ នាំយកមកជូនបងប្អូនវីរកងទ័ពជួរមុខខេត្តបន្ទាយមានជ័យពេលនេះរួមមាន​ ទឹកពិសាបរិសុទ្ធហាយធិច​២ពាន់កេស​ ភេសជ្ជៈវីកូឡា១ពាន់កេស​ មីជាតិ​១ពាន់កេស​ ទឹកត្រី១ពាន់យួរ​ ទឹកស៊ីអ៊ីវ១ពាន់យួរ​ និងថវិកា៣០លានរៀល​ ជូនដល់លោកឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ ដេីម្បីចាត់ចែងតាមតម្រូវការជាក់ស្តែង៕