សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។

នៅក្នុងសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «ក្នុងអភិលក្ខិតសម័យដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តាងនាមរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត ព្រមជាមួយអភិនន្ទនាការ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ នឹង ព្រះសិរីជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ»។

ឆ្លៀតក្នុងព្រះរាជវរោកាសដ៏មហាមង្គលាភិរម្យអធិកអធមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំ សូមព្រះ បរមរាជានុញ្ញាត់ថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីធានានូវ និរន្តរភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់មហាគ្រួសារខ្មែរ ជានិមិត្តរូបនៃ ការបង្រួបបង្រួមផ្សះផ្សាជាតិប្រកបដោយមនសិការស្នេហាជាតិដ៏ស្មោះស្ម័គ្រ មានសាមគ្គីភាព និងឯកភាពជាតិជាធ្លុងមួយ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព ស្ថិរភាពជាតិ អធិបតេយ្យនិងបូរណភាពទឹកដី។ ជាពិសេស ព្រះអង្គ ទ្រង់បានបំពេញព្រះរាជកិច្ចដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះសង្គហធម៌ ព្រះរាជ ទសពិធរាជធម៌ដ៏ប្រពៃចំពោះជាតិ សាសនា និងប្រជានុរាស្ត្រ តាមរយៈព្រះរាជសកម្មភាពទ្រទ្រង់កិច្ចការមនុស្សធម៌ ការអភិរក្សប្រពៃណីនិងអត្តសញ្ញាណជាតិ ការពង្រឹងចំណងការទូតនិងកិច្ចការបរទេស ការពង្រឹងវិស័យអប់រំ ការឧបត្ថម្ភ គាំទ្រសុខុមាលភាពសង្គម ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿងគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និង ពុទ្ធចក្រ ប្រជារាស្ត្ររស់នៅដោយសុខដុមរមនាជាភិយ្យោភាព ព្រមទាំងបានលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីល្បាញ រន្ទឺសុសសាយ ទាំងនៅឆាកជាតិ និងអន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណ បុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» និងព្រះបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕