បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រទី១០ខែមេសាឆ្នាំ២០២៥មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ អាជីវករសប្បុរសជន និងយុវជន ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនវីរកងទ័ពជួរមុខខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនវីរកងទ័ពទាំងអស់គ្នាដែលមានស្មារតីមោះមុតឆន្ទៈស្ម័គ្រស្មោះប្រកបដោយភាពអង់អាចក្លាហានឈរជេីងយ៉ាងរឹងមាំនៅសមរភូមិក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីកម្ពុជាយេីងជានិច្ច។ ជាមួយគ្នានេះក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតជួសមុខឱ្យក្រុមការងារ អាជីវករ សប្បុរជន យុវជន និងប្រជាពលរដ្ឋនៅជួរក្រោយ សូមសម្តែងនូវការដឹងគុណដោយភាពកត្តញ្ញូមិនអាចបំភ្លេចបានចំពោះវីរភាពមានតម្លៃដ៏ឧដុង្គឧត្តមរបស់បងប្អូនវីរកងទ័ពទាំងអស់ ហេីយស្មារតីបងប្អូនជួរក្រោយគឺនៅតែគាំទ្របន្តសាមគ្គីភាពនិងត្រៀមខ្លួនគ្រប់ពេលវេលាដេីម្បីចូលរួមការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីជាមួយបងប្អូនវីរកងទ័ពកម្ពុជាយេីង។
ឆ្លេីយតបនឹងទឹកចិត្តសប្បុរសរបស់ក្រុមការងារ អាជីវករ សប្បុរជន យុវជន និងប្រជាពលរដ្ឋក្នុងនាមខ្មែរតែមួយ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដោយក្តីរំភេីបចំពោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ ដែលបានកៀរគរសប្បុរជនចូលរួមជួយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួនជួយដល់កងទ័ពជួរមុខ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថានេះមិនមែនជាលេីកទី១ទេដែលឯកឧត្តមបណ្ឌិតនិងលោកជំទាវ ព្រមទាំងសប្បុរសជនជួយគាំទ្រស្បៀងនិងសម្ភារនានាដល់កងទ័ពជួរមុខ គឺច្រេីនលេីកច្រេីនសារហេីយពោលគឺទាំងក្នុងពេលកំពុងប្រយុទ្ធផ្ទាល់ និងទាំងមុនទាំងក្រោយពេលប្រយុទ្ធ។ ទាំងនេះជាការបង្ហាញឱ្យឃេីញយ៉ាងច្បាស់អំពីបេះដូងខ្មែរចេះស្រលាញ់គ្នា ចេះជួយគ្នា និងស្មារតីសាមគ្គីគ្នាគ្រប់ពេលវេលារបស់្របជាជាតិកម្ពុជាស្រលាញ់សន្តិភាព។
អំណោយដែលឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងក្រុមការងារ អាជីវករ សប្បុរសជន និងយុវជន នាំយកមកជូនបងប្អូនវីរកងទ័ពជួរមុខខេត្តបន្ទាយមានជ័យពេលនេះរួមមាន ទឹកពិសាបរិសុទ្ធហាយធិច២ពាន់កេស ភេសជ្ជៈវីកូឡា១ពាន់កេស មីជាតិ១ពាន់កេស ទឹកត្រី១ពាន់យួរ ទឹកស៊ីអ៊ីវ១ពាន់យួរ និងថវិកា៣០លានរៀល ជូនដល់លោកឧត្តមសេនីយ៍ទោ សេង ធារិន ដេីម្បីចាត់ចែងតាមតម្រូវការជាក់ស្តែង៕


