សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «ក្នុងអភិលក្ខិតសម័យដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភក្តិ ដ៏ជ្រាលជ្រៅបំផុត ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរថ្វាយ សម្តេច ព្រះមហាក្សត្រី «ហ្លួងម៉ែ» សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អ បរិបូណ៌ និងព្រះសិរីជន្មាយុយឺនយូរជាងរយព្រះវស្សា»។
ឆ្លៀតក្នុងព្រះរាជវរោកាសដ៏មង្គលាភិរម្យអធិកអធមនេះ ខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរម រាជានុញ្ញាតថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាទិគុណដ៏ឧត្តុង្គឧត្តម របស់ សម្តេចម៉ែ «ហ្លួងម៉ែ» ដែលបានគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់មហាគ្រួសារខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ព្រមទាំងរួមចំណែកក្នុងកិច្ចការមនុស្សធម៌ លើកស្ទួយការផ្សះផ្សាជាតិដោយរក្សាបាននូវ សាមគ្គីភាព និងឯកភាពជាតិជាធ្លុងមួយ ពង្រឹងវិស័យអប់រំ សុខុមាលភាពសង្គម ទ្រទ្រង់ព្រះពុទ្ធសាសនា អភិរក្ស វប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិខ្មែរ។ ជាពិសេស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជា ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចូលរួមព្រះរាជបេសកកម្មយ៉ាងសកម្មបំផុតក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់ ជីវភាពរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ ឱ្យមានជីវភាពរស់នៅក្នុងភាពសម្បូរសប្បាយរុងរឿង សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» និងព្រះបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ព្រមទាំង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមតាមជួយបីបាច់ថែរក្សាប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី «ហ្លួងម៉ែ» ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



